ព័ត៌មានជាតិ

កប៉ាល់លួចដឹកប្រេងពីកម្ពុជា បានវិលមកដែន សមុទ្រថៃវិញហើយ

ភ្នំពេញ ៖ ក្រោយពីបានលួចដឹកប្រេងឆៅ ចេញពីកម្ពុជា អស់រយៈពេលជាច្រើនខែកន្លងមក ដោយបានធ្វើដំណើរ ទៅដល់ប្រទេស បង់ក្លាដេសនោះ កប៉ាល់បានវិលត្រឡប់ មកដល់ដែនសមុទ្រថៃវិញហើយ ដើម្បីរងចាំដោះស្រាយ តាមផ្លូវច្បាប់បន្ត ជាមួយគ្រប់ភាគីពាក់ព័ន្ធ ខណៈកប៉ាល់នេះ បានលួចចេញពីកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ ក្រោយក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី (KrisEnergy) ប្រកាសក្ស័យធន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ថា ខ្លួនគ្មានលទ្ធភាព សងបំណុលដល់ម្ចាស់បំណុល ។

កប៉ាល់នេះ បានលួចដឹកប្រេងឆៅចេញពីកម្ពុជា ប្រមាណជាជិត៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី របស់សិង្ហបុរី ទទួលបានសិទ្ធិរុករកប្រេងកាត់ នៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា ជាប់ព្រំដែនប្រថៃ ប្រកាសក្ស័យធន ។ ការដឹកលួចដឹកប្រេង ចេញពីកម្ពុជា ត្រូវបានខាងភាគីកប៉ាល់ អះអាងថា ដើម្បីទូទាត់នឹងក្រុមហ៊ុនខាងលើ ជំពាក់បំណុលខ្លួនដែរ ។ នេះបើតាមលោក ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការក្រសួងធនធានរ៉ែ និងថាមពល ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃ៩ សីហា។

បើតាមការបញ្ជាក់ពីលោក ម៉េង ស័ក្តធារ៉ា រំលឹកពីប្រវត្តិនៃការលួចដឹកប្រេងចេញពីកម្ពុជា របស់កប៉ាល់នេះថា ក្នុងរាត្រីមួយនាដើមខែសីហា ឆ្នាំ២០២១ដែលមានខ្យល់បកបោកខ្លាំងផ្ទៃសមុទ្រ ខាងភាគីកប៉ាល់បានស្នើមកខាងកម្ពុជា ដើម្បីដោះយុទ្ធកាលចេញ ខាងកម្ពុជាក៏យល់ព្រម ប៉ុន្តែមិននឹកស្មានថា ខាងកប៉ាល់បែរជាលួចធ្វើដំណើរចេញពីដែនសមុទ្រកម្ពុជា ឆ្លងចូលទៅដែនសមុទ្រថៃ ហើយទម្រាំខាងខ្មែរដឹង គឺនៅម៉ោង៩ព្រឹក នាថ្ងៃបន្ទាប់ ។ ភាគីកម្ពុជាប្រឹងចរចា ដើម្បីបានវិលមកកម្ពុជាវិញ ប៉ុន្តែដោយសារកប៉ាល់នេះ ជាកប៉ាល់ស៊ីឈ្នួលដឹកប្រេងអន្តរជាតិ មានក្រុមមេធាវីជំនាញៗ ពូកែក៏បានចរចាជាមួយភាគីថៃ ហើយកប៉ាល់ក៏បានបន្តដំណើរចូល ទៅដល់ដែនសមុទ្រឥណ្ឌូនេស៊ី។

លោកថា ទោះដល់ឥណ្ឌូនេស៊ី ក៏មន្រ្តីជំនាញរបស់ខ្មែរ ធ្វើការចរចាយកមកវិញ តែមិនបានសម្រេចដដែល រហូតកប៉ាល់នេះ បានធ្វើដំណើរចូល ដល់ដែនសមុទ្របង់ក្លាដេស តែដោយសារការតស៊ូចរចា ជាមួយភាគីកប៉ាល់ អំពីការបែកចែងតម្លៃប្រេង ក៏ខាងកប៉ាល់យល់ព្រមធ្វើដំណើរ ត្រឡប់មកដែនសមុទ្រថៃវិញ ។

លោកសង្កត់ធ្ងន់ថា “មកដល់ពេលថ្មីៗនេះ យើងបានឯកភាពគ្នាជាមួយភាគីពាក់ព័ន្ធ ទាំងភាគីម្ចាស់កប៉ាល់ ក្រុមហ៊ុនគ្រីសអេនើជី (ក្ស័យធន) ប៉ុន្តែម្ចាស់បំណុលធំ របស់ក្រុមហ៊ុនគ្រីសអេនើជី បានមកទទួលគ្រប់គ្រងជំនួស ចរចាជាមួយយើង ហើយក្រុមហ៊ុនអ្នកដែលទិញប្រេង យើងបានឯកភាពគ្នា លើគោលការណ៍ធំៗហើយ ។ យើងរំពឹងថា នឹងរៀបចំកិច្ចព្រមព្រៀងលម្អិតដើម្បីឲ្យមានការចុះហត្ថលេខាឆាប់ៗ ហើយនឹងស្នើសុំគោលការណ៍ឯកភាព ពីប្រមុខរាជរដ្ឋាភិបាល លើលទ្ធផលនៃការចរចានេះ។ ប្រសិនបើប្រមុខរាជរដ្ឋាភិបាលឯកភាព លើលទ្ធផល នៃការចរចាហើយ យើងនឹងអាចចុះកិច្ចសន្យា លើការព្រមព្រៀងដោះស្រាយបញ្ហានេះ ឲ្យបានឆាប់ ហើយយើង នឹងអាចលក់ប្រេង ហើយយកផលប្រេងនេះ ដែលយើងទទួលបានតាមកិច្ចព្រមព្រៀង ប្រេងកាត់នេះ មកបម្រើផលប្រយោជន៍ដល់ជាតិយើងបានវិញ មិនមានការបាត់បង់ទេ” ។

លោក ម៉េង ស័ក្តធារ៉ា ឲ្យដឹងទៀតថា “ភាគីទាំងអស់បានឯកភាពគ្នាពឹងពាក់ភ្នាក់ងារ ឯករាជ្យឲ្យទៅត្រួតពិនិត្យកប៉ាល់ ។ ឥឡូវកប៉ាល់ហ្នឹងបានវិលត្រឡប់ ពីប្រទេសបង់ក្លាដេស មកចតនៅដែនទឹក របស់ប្រទេសថៃវិញហើយ” ។

លោកបន្តថា ក្រោយពីត្រួតពិនិត្យរបស់ភ្នាក់ងារ ឯករាជ្យរួចហើយ ឃើញថា មិនមានបាត់បង់ ឬ ខូចគុណភាពប្រេងនោះទេ ។ លោកថា ជាភ័ព្វសំណាងមួយដែលស្ថិតក្នុងដំណាក់កាលចរចាតម្លៃប្រេង បែរហក់ខ្ពស់ឡើង ហេតុនេះសង្ឃឹមថា ចំណូលពីប្រេងនឹងបានថ្លៃ ។ លោកថា តម្លៃប្រេងមុនគម្រោង នៃការចរចាក្នុង១បារ៉ែលតម្លៃ៥០ដុល្លារ ប៉ុន្តែបច្ចុប្បន្នឡើងថ្លៃដល់ក្បែរ១០០ដុល្លារ ក្នុង១បារ៉ែល ។

បើរដ្ឋលេខាធិការដដែលនេះ ការបែកចែកតម្លៃប្រេងនៅលើកប៉ាល់ គឺភាគីខ្មែរបានទទួល៧០ភាគរយ ខាងកប៉ាល់២៦ភាគរយ ចំណែក៤ភាគរយ ទៅខាងម្ចាស់បំណុលរបស់ក្រុមហ៊ុនគ្រីសអេនើជី ។

សូមបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A ក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ បន្ទាប់មកកែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជានេះ ក៏បានដង្ហែយកទៅតម្កល់ទុកក្នុងសារមន្ទីរវិមាននយោបាយ ឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូប នៃភាពជោគជ័យ នៃវិស័យប្រេងកាតរបស់កម្ពុជាដែរ ៕

To Top