ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ការងារបោសសម្អាត គ្រាប់មិនទាន់ផ្ទុះក្រោមទឹក ពិតជាមានសារៈសំខាន់ ដើម្បីពលរដ្ឋធ្វើដំណើរ (Video)

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចថា ពិតជាមានសារៈសំខាន់ ព្រោះ ដើម្បីប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយសុវត្ថិភាព។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេនេះ មានសារៈសំខាន់ណាស់ ព្រោះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ដើម្បីឲ្យប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព»។

សម្ដេចបន្ដថា ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវមានការតាំងចិត្តខ្ពស់អំពីការងារទាំងនេះ ដោយមិនទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ក្នុងបាតទន្លេទៀតឡើយ។

នាឱកាសនោះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC បានធ្វើបង្ហាញអំពីការបច្ចេកទេសបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេ ថា ផែនការប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មានទំហំចំនួន ២៦៨ហិកតា ក្នុងនោះ តំបន់ហានិភ័យខ្ពស់មានចំនួន ១៩៧ហិចតា និងតំបន់ដែលហានិភ័យមធ្យមចំនួន ៧១ហិកតា។

លោកអគ្គនាយក CMAC បញ្ជាក់ថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាភារកិច្ចយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាកាតព្វកិច្ចជាតិ និងអន្ដរជាតិ។

លោកបន្ដថា ការបោសម្អាតគ្រាប់ទាំងនេះ មានប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចការសន្ដិសុខជាតិ និងផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងដំណើរការស្ដារការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ ៕

To Top