ព័ត៌មានជាតិ

ក្រសួងសាធារណការ ត្រៀមអនុវត្តដំណើរការ អាជីវកម្មផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (Video)

ភ្នំពេញ ៖ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ សីហា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព ការងារសម្រាប់ត្រៀមអនុវត្ត ក្នុងពេលដំណើរការអាជីវកម្មផ្លូវ ល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពរបស់ក្រុមការងារ និងពិភាក្សាផ្តល់ជាអនុសាសន៍ បន្ថែមសំដៅជំរុញការងារ ឲ្យបានឆាប់រហ័ស ពិនិត្យលើការរៀបចំទម្រង់ លិខិតបទដ្ឋានគតិយុត្ត គ្រប់គ្រងផ្លូវល្បឿនលឿន ការរៀបចំផែនការផលិតវីដេអូ អំពីការដាក់ដំណើរការ និងការប្រើប្រាស់ ផ្លូវល្បឿន ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ ចរាចរណ៍ ការរៀបចំចងក្រង សេចក្តីណែនាំលើ ការងារគ្រប់គ្រង ការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការងាររៀបចំពង្រាងឯកសារពាក់ព័ន្ធ និងការសាងសង់រូបសំណាក តាមការណែនាំដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងការងារ សម្របសម្រួលនិងរៀបចំកម្រៃសេវា ប្រមូលចំណូល និងទូទាត់ផ្សេងៗលើការប្រើប្រាស់ផ្លូវល្បឿនលឿន ផងដែរ ។

សូមរំលឹកថា គម្រោងផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នៅថ្ងៃ១ តុលា ប្រជាពលរដ្ឋនឹងអាចប្រើ ប្រាស់ផ្លូវនេះ ដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែ ។ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top