នយោបាយ

មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញ ចូលជួបសម្តែង ការគួរសមជាមួយ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងឱកាស នៃការបំពេញ ទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូ ជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គម និយមវៀតណាម។

ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក ង្វៀន សួនហ្វ៊ុក អំពីលទ្ធផលប្រកប ដោយផ្លែផ្កានៃកិច្ចសហប្រតបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ហើយឆ្លង តាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោក ហ៊ុន ម៉ាណែត ក៏បានស្នើសុំ លោកប្រធានរដ្ឋ ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា ចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នា ឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានា បាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួម សម្រាប់ទាំងអស់គ្នា។

ជាការឆ្លើយតប លោកប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបានគូសបញ្ជាក់ផងដែរ អំពីការគាំទ្រចំពោះទិសដៅ ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀត សម្រាប់ពេលអនាគត ។ ជាងនេះទៀត លោក ក៏បានកោតសរសើរ អំពីស្ថានភាព នៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចហួសពីការរំពឹកទុកក្នុងរយៈពេល ០៦ ខែដើមឆ្នាំនេះ ទោះបីជាកន្លងមកទទួលរង ប៉ះពាល់ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ដោយ និងបានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម នៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងនាមជាអ្នកជិតខាងល្អជានិច្ច ។

ក្នុងឱកាសនោះផងដែរ លោក ង្វៀន សួនហ្វ៊ុក ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរ ចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ ៕

To Top