ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ស្ត្រីថៃ ជាប់ចោទ២នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ជាង ៤ គីឡូក្រាម ពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ស្រ្តីជាប់ចោទ ជនជាតិថៃ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ចំនួនជាង ៤ គីឡូក្រាម ពីប្រទេសកម្ពុជា ទៅ ប្រទេសជប៉ុន ប្រព្រឹត្ត នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ។

លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រម ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹង នៅក្នុង អង្គសវនាការថា: ជនជាប់ចោទទាំង២នាក់នេះ មាន ឈ្មោះ Sornsin Ruthairat ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិថៃ និង ម្នាក់ទៀត មានឈ្មោះ Tongoon Worapha ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិថៃ ។

ពួកទាំង២នាក់ មានទីលំនៅ នៅក្នុងក្រុងបាងកកងកក ប្រទេសថៃ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ដឹកជញ្ជូន រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេប្តឹងឧទ្ធរណ៍ ខណ:ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត ។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ នៅច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៤,៥ គីឡូក្រាម ដែលបង្កប់នៅក្នុងអាវរងា ដែលគ្រោងនាំចេញទៅ កាន់ប្រទេសជប៉ុន ។

តុលាការកំពូលនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ៕

ដោយ: លីហ្សា

To Top