ព័ត៌មានជាតិ

ប្រទេសជិតខាងល្អ អាចជួយគ្នា ទាន់ពេលវេលា ពេលមានទុក្ខលំបាក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជិតខាងល្អ គឺអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ។

ការលើកឡើងរបស់ លោកឃួង ស្រេង ធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុង​ឱកាស​ជួបពិភាក្សាការងារជាមួយ លោក ផាម តាតថាង សមាជិក នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រទេសជិតខាងល្អនឹងគ្នា អាចជួយគ្នា បានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូច ករណី កងទ័ពវៀតណាម បានរំដោះប្រជាពលរដ្ឋកម្ពុជា ចេញពីប៉ុល ពត។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ផ្តើមចេញពីការរំដោះប្រទេស ចេញពីចំណុចសូន្យនេះ កម្ពុជា បានឈានទៅរកបាន សន្តិភាពពេញលេញ លើផ្ទៃប្រទេស ដែលនាំឱ្យកម្ពុជា មានឱកាសក្នុងការអភិវឌ្ឍប្រទេស រីកចំរើនដូចពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះ លោកអភិបាល ក៏បានថ្លែងការកោតសរសើរ ចំពោះប្រតិភូវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ នៃប្រទេសទាំង២ កម្ពុុជា វៀតណាមបានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បន្តទៀតថា ផ្តើមចេញពីផ្លែផ្កា នៃការពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទំលាប់ល្អៗទាំងនេះ បន្តទៅឱ្យយុវជនកម្ពុជា ជំនាន់ក្រោយទៀត គឺរក្សាឱ្យបានយូរអង្វែង ។

ជាមួយគ្នានេះ លោកផាម តាត ថាង ក៏បានជំរាបពីសភាពការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសវៀតណាម និងបានលើកឡើងពីការកោតសរសើរ ចំពោះ ការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក​ ឃួង ស្រេង ជាអភិបាល និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជា នាយករដ្ឋមន្ត្រី៕

To Top