ភ្នំពេញ៖ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ក្តី ក៏ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក្នុងអត្រាកំណើន ៦១.៥៤%។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នាថ្ងៃទី១០ សីហា លោក បួន សារៈមុនី បានថ្លែងបញ្ជាក់ថា «ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១»។

លោកបន្តថា កម្ពុជាបាននិងកំពុង ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឲ្យបរិយាកា សពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិ មកពីបណ្តាប្រទេសនានា លើពិភពលោក។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនភាព ជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគ នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួង ដើម្បីឲ្យកម្ពុជាសម្រេចទទួល យកស្តង់ដារយានយន្តសហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យកម្ពុជាបានក្លាយជា ទីផ្សារដ៏សំខាន់មួយក្នុងវិស័យ យានយន្តសហរដ្ឋអាម៉េរិក។
លោកស្រី បានស្នើសុំឲ្យក្រសួង បន្តសហការផ្តល់បច្ចុប្បន្នភាព ព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក មកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម ៕
