ព័ត៌មានជាតិ

បណ្ឌិត ឡី សុភាព៖ គណបក្សមូលដ្ឋាន យុវជន​សេដ្ឋកិច្ច រាជធានីភ្នំពេញ ក្នុងនាមជាអ្នកបន្តវេន ត្រូវធ្វើយ៉ាងណា តម្កល់ប្រយោជន៍ របស់សមាជិក សមាជិកាទាំងអស់

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មការធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាអ្នកបន្តវេន ត្រូវតែធ្វើដើម្បីតម្កល់ប្រយោជន៍របស់សមាជិក សមាជិកាទាំងអស់ ព្រោះត្រូវដឹងថា សារជាតិរបស់គណបក្សប្រជាជន កើតពីប្រជាជន ដើម្បីប្រជាជន ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក​ សមាជិកា ចូលរួមជាង១ពាន់នាក់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោកសមូហកបណ្ឌិត ឡី សុភាព តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សួន រិនឌី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រធានគណៈចាត់តាំងណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារសំខាន់ ៧ចំណុច នៃលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ២០២២ ដល់អង្គពិធីទាំងមូល ឲ្យយល់ជ្រាប និងបានដាក់ចេញនូវ គោនយោយ៤ចំណុចធំៗ ដើម្បីសមាជិក សមាជិកា យល់ដឹងនិងអនុវត្ត ។

ក្នុងពិធីខាងលើនេះ លោក បណ្ឌិត ឡី សុភាព បានលើកឡើងថា “អ្វីដែលជាសំខាន់នៅពេលនេះ អង្គសន្និបាតដែលយើងបានធ្វើ គឺគោលនយោបាយរបស់បក្ស គឺតែងតែដឹកនាំជោគជ័យ នូវគោលនយោបាយ៤ធំៗ” ។

លោកក៏បានផ្សព្វផ្សាយ នូវគោលនយោបាយ៤ធំៗ ដែលផ្តើមចេញពីទី១ថា “យើងបានដាក់គោលនយោបាយរួម អនុម័ត្តទៅដល់អង្គសន្និបាត គឺយើងបានយកមកផ្សព្វផ្សាយ ដល់សមាជិក សមាជិកា គឺមិនត្រូវបានលាក់លៀម ជាមួយនឹងសមាជិក សមាជិកាផ្ទៃក្នុងទេ ។ អ្នកដែលអញ្ជើញចូលរួមនេះ សុទ្ធតែជាបុគ្គល ដែលគណបក្សទុកចិត្ត ហើយជាបុគ្គលត្រូវបន្តវេន ដើម្បីបម្រើជាតិមាតុភូមិដែរ ។ ដើម្បីជោគជ័យបាន វាអាស្រ័យលើពួកយើងជាអ្នកធ្វើ ។ គណៈកម្មាធិកាបក្ស យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា នៅផ្នែកក្រៅប្រព័ន្ធ តួរនាទីភារកិច្ចរបស់យើង ត្រូវធ្វើការងារច្រើនណាស់ សម្រាប់ជាតិរបស់យើង សម្រាប់បក្សរបស់យើង ប៉ុន្តែអ្វីដែលសំខាន់ ទី២នោះគឺ យើងគោរពទៅតាម អង្គសន្និបាតរបស់គណបក្ស ។ បន្ទាប់មកគឺយើងត្រូវតែធ្វើការងារ ផ្សព្វផ្សាយទៅដល់សមាជិក សមាជិកាយើងទាំងអស់គ្នា ។

ចំណុចទី៣ ដែលលោកបណ្ឌិត ឡី សុភាព សង្គតធ្ងន់ជាងគេនោះ “ក្នុងនាមជាអ្នកបន្តវេន ត្រូវតែធ្វើដើម្បីតម្កល់ប្រយោជន៍ របស់សមាជិក សមាជិកាទាំងអស់ មិនត្រូវបាត់ផល់ប្រយោជន៍ សមាជិកណាមួយនោះទេ ព្រោះត្រូវដឹងថា សារជាតិរបស់គណបក្សប្រជាជន កើតពីប្រជាជន ដើម្បីប្រជាជន ។ សូមកុំឲ្យមើលបុគ្គល ត្រូវមើលបក្សទាំងមូល បុគ្គលម្នាក់ៗអាចមានការខុសការត្រូវ ក៏ប៉ុន្តែយើងត្រូវមើលបក្សទាំងមូល ក្នុងរចនាសម្ព័ន្ធចាត់តាំងទាំងមូល ។ ពួកយើងមិនមែនធ្វើ ត្រឹមតែរចនាសម្ព័ន្ធរបស់យើងប៉ុណ្ណឹងនោះទេ គឺយើងត្រូវធ្វើគ្រប់ភាគីទាំងអស់ នៃអង្គការចាត់តាំងផ្សេងៗទៀត ចំណុះឲ្យរាជរដ្ឋាភិបាល មិនមែនតែនៅក្នុងផ្នែកយើងតែប៉ុណ្ណោះ គឺគ្រប់ផ្នែកទាំងអស់ នៅក្រោមការគ្រប់គ្រង របស់យើងទាំងអស់ អញ្ចឹងយើងមិនត្រូវឲ្យផ្នែកណាមួយបាត់ទេ” ។

និងជាចុងក្រោយនូវចំណុចទី៤ ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មការធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងថា “អង្គភាពយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះតែម្តង ដែលយើងមិនត្រូវទុកឲ្យនរណាម្នាក់បាត់ទេ អញ្ជឹងត្រូវតម្កល់ប្រយោជន៍ដល់សមាជិក សមាជិកាទាំងអស់ ។ ហើយយើងជំនួយទៅដល់ សមាជិក សមាជិកា ឲ្យគេមានការសិក្សា ការងារនឹងមុខតំណែង ហើយយើងនឹងឈានទៅដល់ បើមានបញ្ហាសុខមាភាព យើងក៏ត្រូវគិត យើងអាចជួយគ្នាទៅជ្រុងមួយទៀត ដែលនេះជាការផ្តាំផ្ញើពីថ្នាក់លើ ។ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ មិនត្រូវទុកឲ្យនរណាម្នាក់នៅឆ្ងាយ ត្រូវកសាងចូលសមាជិកបក្សទាំងអស់ ហើយរបបចុះមូលដ្ឋាននេះ គឺយើងត្រូវតែបន្តចុះ” ។

គួរឲ្យដឹងថា ក្នុងលទ្ធផលនៃសន្និបាត គណបក្សប្រជាជនកម្ពុជា ក្នុងចំណោម៧ចំណុច មានចំណុច២ ដែលគណៈកម្មការធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកយកមកផ្សព្វផ្សាយ និងប្រកាសគាំទ្រពេញទំហឹង នូវចំណុចទី៤. អង្គសន្និបាតបញ្ជាក់ជាឱឡារិក នូវការគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។ ទី៥. អង្គសន្និបាតគាំទ្រទាំងស្រុង សំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ៖ (ទី១) ការធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព នៅគ្រប់កាលៈទេសៈ និង (ទី២) ការធានាការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គមសណ្ដាប់ធ្នាប់ សាធារណៈ និងស្ថិរភាពនយោបាយ របស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ និងសេចក្ដីសុខសាន្ត របស់ប្រជាជនកម្ពុជា៕

To Top