ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ សហប្រតិបត្តិការ ការងារបច្ចេកទេស វិទ្យាសាស្រ្ត និងឧស្សាហកម្មការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស TANG HAO ប្រធានការិយាល័យ អនុព័ន្ធយោធា សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល សម្ភារៈជំនួយ របស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

មុនមួយថ្ងៃ នៃពិធីប្រគល់-ទទួល សម្ភារៈជំនួយយោធានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា «ក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត ស្ថានភាពសន្តិសុខ នយោបាយ ក្នុងតំបន់ និងពិភពលោកមានភាព កាន់តែស្មុគស្មាញមិនច្បាស់លាស់ ដូចនេះកិច្ចសហប្រតិបត្តិការ យោធាកម្ពុជា ចិន ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ សមត្ថភាព នាយទាហានវ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិ» ៕







