នៅថ្ងៃទី ១១ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន។ មានអ្នកសារព័ត៌មានបានលើកសំណួរថា កាលពីពេលថ្មីៗនេះ សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ចិនបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបទឧក្រិដ្ឋរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ានិងកន្លែងផ្សេងទៀត តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក Wang Wenbin បានលើកឡើងថា របាយការណ៍នេះបានលាតត្រដាងជាប្រព័ន្ធនូវ "បទឧក្រិដ្ឋរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរចំនួនបី" ដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ា និងតំបន់ជុំវិញ ពោលគឺ៖ ទីមួយ គឺបំផុសសង្រ្គាមតាមទំនើងចិត្តនិងរំលោភសិទ្ធិរស់រាននិងសិទ្ធិជីវិតរបស់មនុស្ស។ ទីពីរ បង្ខិតបង្ខំឱ្យធ្វើពលកម្មនិងការដាក់ទណ្ឌកម្មឯកតោភាគី ដែលរំលោភលើសិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិសុខភាព។ ទីបី គឺបង្ក”ការប៉ះទង្គិចផ្នែកអរិយធម៌” និងរំលោភលើសេរីភាពនៃជំនឿសាសនា។
លោក Wang Wenbin បន្តថា ឧក្រិដ្ឋកម្មរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ា បានបង្កផលប៉ះពាល់ដែលមិនសាបរលាប និងការខាតបង់ដែលមិនអាចប៉ះបូវបានដល់ប្រទេសជាតិនិងប្រជាជនក្នុងតំបន់។អ្នកវិភាគនយោបាយដែលមកពីប្រទេសជាច្រើននៅមជ្ឈិមបូព៌ាបានសម្គាល់ថា សម្រាប់សហរដ្ឋអាមេរិក សង្គ្រាមគឺជាឧបករណ៍សម្រាប់ការគ្រប់គ្រង។ អ្វីដែលអាមេរិកបំផ្លាញស្ថិរភាពរបស់ប្រទេសផ្សេងទៀត ប្រមាថនិងជិះជាន់ប្រទេសមជ្ឈិមបូព៌ាដោយយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាលេស។យោងតាមលទ្ធផលស្ទង់មតិនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយប្រទេសអារ៉ាប់បង្ហាញថា ជនជាតិអារ៉ាប់ ៨១% យល់ឃើញថា គោលនយោបាយមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកបានបង្កការគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។អតីតទីប្រឹក្សាយោធាអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានក៏បានទទួលស្គាល់ថា សង្រ្គាមនៅបរទេសរបស់សហរដ្ឋអាមេរិកអស់រយៈពេលរាប់សិបឆ្នាំមិនអើពើនឹងឆន្ទៈរបស់ប្រជាជនក្នុងតំបន់ និងបានជំរុញលទ្ធិប្រជាធិបតេយ្យតាមបែបអាមេរិក តាមពិតវាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។កាសែត «ញូវយ៉កថែមស៍» អាមេរិកក៏បានធ្វើអត្ថាធិប្បាយនៅពេលខួបទី២០នៃសង្រ្គាមនៅអាហ្វហ្គានីស្ថាន ដោយចុះផ្សាយថា សង្រ្គាមដែលអាមេរិកបំផុសបានបង្កើតឱ្យមានភេរវករកាន់តែច្រើនជាង២០ ឆ្នាំមុន៕