ព័ត៌មានជាតិ

ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធមួយដ៏ល្អប្រសើរ ដែលមានគោលការណ៍ គ្រឹះការពារប្រជាពលរដ្ឋពេញ ១វដ្ដជីវិត

តាកែវ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធគាំពារមួយ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលនេះជាគោលនយោបាយដ៏ល្អឥតខ្ចោះ ក្នុងការការពារបងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលដែលចាប់កំណើតរហូតដល់ស្លាប់។

លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា៖ វដ្ដនៃជីវិត គឺគ្មាននរណាម្នាក់អាចគេចផុតឡើយ ហើយការកើត ចាស់ ឈឺ ស្លាប់ នេះ  ប.ស.ស. បានចូលរួមយ៉ាងសំខាន់ ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួន អនុវត្តចាប់តាំងពីពេល ដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុន​ និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។ 

ដោយឡែកនៅពេលដែលបងប្អូន ជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាល នៅតែបន្តការគាំពារ ដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលបាននឹងកំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យ សពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ ជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់ នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណេីតរ ហូតដល់ស្លាប់នេះតែម្ដង។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា៖ ប្រព័ន្ធសន្ដិសុខសង្គម អាចបោះជំហានទៅមុខ និងអាចតាមការពារបងប្អូនបាន គឺត្រូវមានការចូលរួមយ៉ាងចាំបាច់ របស់បងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលនេះជាការចូលរួមចែករំលែក និងស្មារតីសាមគ្គីធម៌សង្គម។

ក្នុងឱកាសជាមួយគ្នានេះ លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តតាកែវ លោក បានថ្លែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព  ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែលពលរដ្ឋ មានវ័យចំណាស់។

ជាមួយគ្នានេះ លោកអភិបាលរង  បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន  ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។

សូមបញ្ជាក់ថា៖ ភូមិសាស្រ្ដខេត្តតាកែវ គឺជាខេត្តទី៧ ហើយបន្ទាប់ពីខេត្តព្រៃវែង ដែល ប.ស.ស. បានចុះបើកយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕

To Top