ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន ៤ នាក់ ក្នុងនោះ រួមមានបុរសជនជាតិនីហ្សេរីយ៉ាចំនួន២នាក់, ស្រ្តីហ្វីលីពីនម្នាក់ និងស្រ្តីខ្មែរម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនឆ្លងដែន ចំនួនន ជាង ២,៥ គីឡូក្រាម ពីប្រទេសប្រេស៊ីល ឆ្ពោះ មកប្រទេសកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កាលពី ឆ្នាំ ២០១៤ ។
លោក គី ឬទ្ធី ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ទាំង៤នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ Macoy Mavill Villamor ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ហ្វីលីពីន ។ ទី២- ឈ្មោះ Michael Sunshine ភេទ ប្រុសអាយុ ៣១ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។ ទី៣- ឈ្មោះ Emmanuel Thankgod ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។ និង ទី៤- ឈ្មោះ ម៉េង ស៊ីនួន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៥ បានសម្រេចផ្តន្ទាទោស ទី ១-ឈ្មោះ Macoy Mavill Villamor ដាក់គុក អស់មួយជីវិត ។ ទី២-ឈ្មោះ Michael Sunshine ដាក់គុក ៣០ ឆ្នាំ , ទី ៣-ឈ្មោះ Emmanuel Thankgod ដាក់គុក ២៧ ឆ្នាំ ។ និង ទី៤- ឈ្មោះ ម៉េង ស៊ីនួន ដាក់គុក កំណត់ ២២ ឆ្នាំ ពីបទ: ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទទាំង៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសណ្ឋាគារ Luxury World ក្នុងរាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទកូកាអ៊ីន ទម្ងន់ ជាង២,៥ គីឡូក្រាម ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ១៨ ខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ ៕ដោយ: លីហ្សា