ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំម្ចាស់កសិដ្ឋានចញ្ចឹមជ្រូក គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពល បានមកពីលាមកជ្រូក យកមកប្រើប្រាស់ ដើម្បីកាត់បន្ថយប្រើ ថាមពលអគ្គិសនី។
នាឱកាសចុះពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋាន លោកស្រី ងិន គន្ធា មានទីតាំងស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា ទីផ្សារជ្រូកសាច់ បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាន គួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «គួរទាញយក ថាមពល ពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើ ដើម្បីកាត់បន្ថយប្រើ ថាមពលអគ្គិសនីទីមួយ និងទីពីរ សិក្សាស្រាវជ្រាវបច្ចេកទេស ធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ»។
ឆ្លៀតឱកាសនោះដែរ លោកស្រី ងិន គន្ធា និងភាគីពាក់ព័ន្ធ បានអំណរគុណចំពោះ លោករដ្ឋមន្រ្តី ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ គិតគូ ជំរុញ និងគាំទ្រផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុក ដើម្បីកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន ផ្សព្វផ្សាយបច្ចេកទេស ចិញ្ចឹម មិនតែប៉ុណ្ណោះផលិតកម្មចិញ្ចឹមជ្រូកបានជួយផងដែរ ក្នុងការបង្កើតការងារ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើនការប្រើប្រាស់ជីសរីរាង្គ (លាមកជ្រូក)៕