ព័ត៌មានជាតិ

ពលរដ្ឋ ជិត ៤០០ គ្រួសារ ព្រួយបារម្ភ ចំពោះស្ពានចាស់ទ្រុឌទ្រោម ដោយស្នើ សុំ ឲ្យអជ្ញាធរជួយស្ថាបនា នារដូវវស្សានេះ

ស្វាយរៀង ៖ ប្រជាពលរដ្ឋ ជិត ៤០០គ្រួសារ រស់នៅក្នុងភូមិព្រៃព្រែក និងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក បានអំពាវនាវ សុំឲ្យអាជ្ញាធរខេត្ត ក្រសួងមន្ទីរជំនាញ រួមមាន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង មេត្តាចុះពិនិត្យ និងស្ថាបនាស្ពានថ្ម ១ កន្លែង ប្រវែងជាង៣០ម៉ែត្រ ឆ្លងកាត់ព្រែក ដើម្បីឱ្យប្រជាពលរដ្ឋ ២ភូមិ បានធ្វើដំណើរ និងសម្រួល ក្នុងការដឹកផលិតផល កសិកម្ម ក៏ដូចជាសម្រួល ដល់ សេដ្ឋកិច្ច សង្គមនៅតាមជនបទ ឲ្យបានល្អប្រសើរ ជាពិសេស ពេលសមាជិកគ្រួសារ មានជំងឺ សិស្សានុសិស្សឆ្លងកាត់ ឬ អ្នកមានផ្ទៃពោះគ្រប់ ខែ ឆ្លងទន្លេ ត្រូវការ រថយន្តសង្គ្រោះបន្ទាន់ហើយ រថយន្តសង្គ្រោះមិនអាចចូលទៅបាន ។

បើតាមស្ត្រីម្នាក់ រស់នៅក្នុងភូមិព្រៃព្រែក បាននិយាយថា កាលពីដើមឡើយ ព្រែកនេះ មានជម្រៅទឹកជ្រៅ ក្នុងរដូវវស្សាទឹកហូរខ្លាំង ហើយប្រជាពលរដ្ឋ ឆ្លងកាត់ គឺហែល ក្រោយមកធ្វើក្បូនទាញឆ្លងក្រោយៗមកទៀត ក៏មានព្រះសង្ឃ ចាស់ទុំទាំង ពីរភូមិ បានដឹកនាំ ចលនាប្រជាពលរដ្ឋ ក្នុងភូមិកាប់ឈើ កសាងស្ពានឈើ ឆ្លងកាត់ព្រែក ដែលមានទទឹង២ម៉ែត្រ និងបណ្តោយ ប្រវែងជាង៣០ម៉ែត្រ សម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរ ទៅមកទាំង ២ភូមិ នេះ គឺ ភូមិ ព្រៃព្រែក និងភូមិជ្រុងពពេល ដើម្បីដឹកកសិផលកសិកម្ម និងឱ្យសិស្ស ធ្វើដំណើរទៅសិក្សា រៀនសូត្រផងដែរ ។

ស្ត្រីខាងលើបន្តទៀតថា ហើយនៅពេលបច្ចុប្បន្ន ស្ពានព្រៃព្រែកនេះ គឺមានសភាព ចាស់ទ្រុឌទ្រោមឈើសសរពុក ទើបធ្វើឱ្យមានការភ័យខ្លាចបាក់ រលំឬ ក្មេងជិះម៉ូតូ ឬកង់អាច នឹងផុងធ្លាក់ចូលទឹក បង្កឱ្យមានគ្រោះថ្នាក់ ជាយថាហេតុ ជា ពិសេសការដឹកអីវ៉ាន់ ធ្ងន់ ៗ និងការធ្វើ ដំណើរ ពេលយប់ ពិតជា លំបាក ណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅពេល ដែល សមាជិកមានជំងឺ ឬ ឆ្លងទន្លេ ត្រូវការរថយន្ត សង្គ្រោះបន្ទាន់នោះ គឺ ពិបាកខ្លាំងណាស់ ។

ទាក់ទិន នឹង ករណីខាងលើ លោកមេភូមិ ក៏ដូចជាក្រុមប្រឹក្សាឃុំម្រាម បានមាន ប្រសាសន៍ឱ្យដឹងថា ឃុំគ្មានលទ្ធភាព ឆ្លើយតប នឹងសំណើរបស់ ប្រជាពលរដ្ឋ បានទេរដ្ឋបាល ឃុំបានដាក់សំណើបន្តទៅលោកអភិបាលស្រុក ចំនួន២លើក មកហើយ ប៉ុន្តែ ដាក់បាត់ដាក់បាត់ ពុំមានការ ឆ្លើយ តប ហើយក៏មានអ្នកចុះមកពិនិត្យមើលដែរ តែមិនឃើញ មានលទ្ធផល ឡើយ ។

ទាក់ទិនករណីនេះ លោក ស៊ូ ម៉ុ ល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ថា លោកបានទទួលសំណើ របស់ប្រជាពលរដ្ឋហើយ លោកក៏បានស្នើទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួចហើយ ហើយលោកប្រធានមន្ទីរ នឹងឲ្យមន្ត្រី បច្ចេកទេស ចុះទៅពិនិត្យ នៅ ហើយ ដើម្បីលើកគម្រោង ស្នើសុំទៅ លោកអភិបាលខេត្តបន្ត ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិខាងលើនេះ សង្ឃឹមថា នឹង ទទួលបានស្ពានថ្ម សម្រាប់ធ្វើដំណើរនៅពេលខាងមុខផងដែរ ៕

To Top