បន្ទាយមានជ័យ៖ទីផ្សារស្រូវនៅខេត្តបន្ទាយមានជ័យត្រូវបានឈ្មួញកណ្តាលទិញតំលៃបញ្ចុះរាល់ថ្ងៃតាមតែមាត់ថានិងបានសុំអោយក្រសួងជំនាញកំណត់តំលៃអោយបានច្បាស់សម្រាប់ជីវិភាពប្រជាពលរដ្ឋ។

ប្រជាកសិករស្រុកមង្គលបូរីបានប្រាប់ថា៖នៅខែសីហា ឆ្នាំ២០២២នេះប្រជាកសិករកំពុងប្រមូលផលស្រូវមិនប្រកាន់រដូវលើកទី២ហើយដែលមានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ា ស្រូវស្រង៉ែ ដែលជាប្រភេទស្រូវស្រាលរយៈពេលជាង៣ខែទទួលផលហើយប្រជាកសិករនៅខេត្តបន្ទាយមានជ័យដែលកំពុងពេញនិយមបង្កបង្កើនផលប្រភេទស្រូវមិនប្រកាន់រដូវរឺប្រភេទស្រូវស្រាល។

ប្រជាកសិករបានបញ្ជាក់ថា៖ក្រោយពេលដែលប្រជាកសិករប្រមូលផលស្រូវច្រើនរហូតពេលនេះតំលៃស្រូវត្រូវឈ្មួញកណ្តាលទិញបញ្ចុះតំលៃដូចជាស្រូវសែនក្រអូប១តោនតំលៃ៩.០០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៦.៥០០បាត ស្រូវស្រង៉ែ១តោនតំលៃ៨.៨០០បាត បើប្រៀបធៀបប្រមូលផលដំបូងស្រូវសែនក្រអូបក្នុង១តោនតំលៃ១០.៥០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៧.៧០០បាត ស្រូវស្រង៉ែ១តោនតំលៃ១០.០០០បាត។

ប្រជាកសិករសំណូមពរដល់ក្រសួងជំនាញមេត្តាជួយសម្រួលទីផ្សារស្រូវក្នុងស្រុកអោយបានតំលៃសមរម្យនិងមិនឡើងចុះតាមតែមាត់ឈ្មួញថានិងកំណត់ទិញធ្វើអោយប្រជាកសិករបាក់ទឹកចិត្តការបង្កបង្កើនផលស្រូវហើយសុំអោយកំណត់តំលៃស្រូវអោយបានច្បាស់លាស់មិនត្រូវឡើងចុះដូចទឹកជំនន់ទោះជាប្រេងសាំងនិងម៉ាស៊ូតត្រូវស្រុតតំលៃតែជីថ្នាំកសិកម្មតំលៃនៅតែឡើងខ្ពស់មិនទាន់ចុះនៅឡើយទើបប្រជាកសិករសុំអោយតំលៃស្រូវបើមិនបានឡើងអោយបានដូចប្រមូលផលដំបូងអាចទទួលយកបាន។

មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះតំលៃស្រូវសែនក្រអូបសើមលេខ១ក្នុង១គីឡូក្រាមតំលៃ១.១៤០រៀល ស្រូវសែនក្រអូបស្ងួត១គីឡូក្រាមតំលៃ១.៤៥០រៀល ស្រូវអ៊ីអ៊ា១គីឡូក្រាមតំលៃ៧៧០រៀល ស្រូវអ៊ីអ៊ាស្ងួត១គីឡូក្រាមតំលៃ១.១៥០រៀល៕ដោយ ប៊ុន សំណាង

