ព័ត៌មានជាតិ

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ខណៈខេត្តមួយចំនួន អាចមានជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ អាចមានជំនន់ទឹកភ្លៀង ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៦ សីហានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ​ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតី បក់ពីមធ្យមទៅបង្គួរ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹក ភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យ ភូមិសាស្ត្រមួយចំនួន នៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀង នៅក្នុងកម្រិតពី តិចទៅទៅបង្គួរ និងច្រើនដោយអន្លើលាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ បរិមាណទឹកភ្លៀងដែលធ្លាក់ ជាបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ មួយចំនួននៃបណ្តាខេត្តមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។

ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

To Top