ភ្នំពេញ៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្នានពន្ធដារ បានថ្លែងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករប្រមាណជា ២ ២១០.១០ លានដុល្លារ កើនឡើង ២៨.៦២% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ នាថ្ងៃ១៥ សីហា លោក គង់ វិបុល បានឲ្យដឹងថា ស្ថានភាពនៃការបន្តរក្សា កំណើនចំណូលនេះ គឺសម្រេចបានអាស្រ័យ ដោយការបន្តខិតខំប្រឹងប្រែងកៀរគរចំណូល ពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍន៍ និងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filing App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា ដោយមានសេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធ ព្រមទាំងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានា (E-Tax Service) ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ។
លោកបញ្ជាក់ថា «រយៈពេល ៧ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៨ ៩៥០.៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០.១០ លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ១ ៩៨៩.៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១.២៩ លានដុល្លារ) ស្មើនឹង ២៨.៦២%»។
គួរបញ្ជាក់ថា ទោះបីជាមានហានិភ័យ បណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមក លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រង ប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕