ព័ត៌មានជាតិ

លោក រស់ សុវាចារ៖ បើកបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាភូមិន្ទភ្នំពេញ គឺបង្កើតសហប្រតិបត្តិការវិស័យអប់រំ ខណៈអាមេរិកក៏រៀនភាសាខ្មែរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ បានឆ្លើយតបទៅនឹងមតិរិះគន់ ពីសំណាក់មហាជន លើការអនុញ្ញាតឲ្យមានការបើកដេប៉ាតឺម៉ងភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការបើកបង្រៀនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកម្ពុជា-វៀតណាម លើផ្នែកអប់រំដែលមានកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០០១មកម្ល៉េះ គ្មានអ្វីលើសនេះទេ ។

លោកក៏បានប្រៀបធៀបពីការអនុញ្ញាតឲ្យ បង្រៀនភាសាវៀតណាមនៅកម្ពុជា ទៅនឹងសហរដ្ឋអាមេរិកថា ប្រទេសមហាអំណាចមួយនេះ ក៏បានបើកការបង្រៀនភាសាខ្មែរដែរ។

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ បានឯកភាពជាគោលការណ៍ឲ្យបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីងាយស្រួល ក្នុងការផ្លាស់ប្តូរ និស្សិតអាហារូបករណ៍ ទៅវិញទៅមក រវាងប្រទេសទាំងពីរ ពោលគឺសំដៅបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ ។ បន្ទាប់មក ប្រជាពលរដ្ឋខ្មែរ បង្ហាញការមិនពេញចិត្ត និងរិះគន់ជាបន្តបន្ទាប់នៅលើ បណ្តាញសង្គមហ្វេសប៊ុកជាហូរហែរ ។

ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ១៦ សីហា លោក រស់សុវាចារ បានថ្លែងថា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបច្ចុប្បន្ន មានបរិញ្ញាបត្រអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ រួមទាំងបរិញ្ញាបត្រភាសាថៃ ជាដើម មិនមែនទើបតែមានដេប៉ាតឺម៉ងភាសាវៀតណាមទេ ។

លោកថា “ដោយឡែកទាក់ទងទៅនឹងគម្រោងថ្មីមួយ គ្រោងនឹងបង្កើតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះ គឺគ្រោងបង្កើតជាវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយដែលជាយន្តការថ្មីមួយ ក្នុងនោះ គឺមានដេប៉ាតឺម៉ង់មួយ គឺដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម ។ ក្នុងដេប៉ាតឺម៉ង់ថ្មីនេះ គ្រោងផ្តល់ការសិក្សាកម្រិតបរិញ្ញាបត្រ លើជំនាញដល់ទៅ៣”។

លោកឲ្យដឹងថា ជំនាញទាំង៣ក្នុងប៉ាដេម៉ង់ ភាសាវៀតណាមនេះ គឺទី១-បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ (បរិញ្ញាបត្រសិល្បៈសិក្សាវៀតណាម) , ទី២-មុខជំនាញបកប្រែភាសាវៀតណាម និងទី៣-សម្រាប់ទំនាក់ទំនងធុរកិច្ច ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា គោលបំណងបង្កើតដេប៉ាតឺម៉ងនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត លើការសិក្សាថ្នាក់ឧត្តមសិក្សា ដូចទៅនឹងបណ្តាប្រទេសដទៃទៀតក្នុងសាកលលោក ខណៈកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម លើវិស័យអប់រំនេះ មានតាំងពីឆ្នាំ២០០១មកម្ល៉េះ ។

លោក រស់ សុវាចារ បញ្ជាក់ទៀតថា “កម្ពុជានិងវៀតណាមគឺធ្វើកិច្ចសហប្រតិបត្តិការពង្រឹងវិស័យ អប់រំកម្រិតឧត្តមសិក្សា ដូចជាកិច្ចសហប្រតិបត្តិការ ដែលក្រសួងអប់រំមានជាមួយនឹងបណ្តាប្រទេសជាមិត្តទាំងអស់ដែលបាននិងបន្ត និងកំពុងកើតមាន ដើម្បីចូលរួមលើកកម្ពស់ការអប់រំ យុវជននិងកីឡាទៅតាមទិដ្ឋភាពជាក់ស្តែង” ។

សម្រាប់ភាសាខ្មែរវិញ លោកក៏បានដឹងថា គឺមានសាកលវិទ្យានៅតាមបណ្តាប្រទេសមួយចំនួន យកទៅបង្រៀនដល់និស្សិតបរទេសផងដែរ ជាក់ស្តែងដែលលោកបានដឹង គឺសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានយកភាសាខ្មែរ ទៅបង្រៀនដល់និស្សិត មកពីគ្រប់ជាតិសាសន៍ទាំងអស់ ដែលមានបំណងចង់ដឹងពីអរិយធម៌ វប្បធម៌ខ្មែរ និងពីអក្សរសាស្រ្តខ្មែរនៅកម្ពុជា។ ជាពិសេស មានមន្រ្តីការទូតនៅប្រទេសមួយចំនួនក៏បានសិក្សាពីអក្សរសាស្រ្តខ្មែរ មុននឹងមកបំពេញការងារនៅកម្ពុជា ៕

To Top