ព័ត៌មានជាតិ

អភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់ពលរដ្ឋរស់នៅ តាមមាត់អូរព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយត្ន័ ខណៈស្ថានភាពទឹកអូរព្រំដែន កំពុងហក់ឡើងខ្លាំង

បន្ទាយមានជ័យ: ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ស្ថានភាពទឹក ក្នុងអូរព្រំដែនហក់ឡើងខ្ពស់ គួរឲ្យព្រួយបារម្ភ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភាគខាងត្បូងផ្លូវជាតិលេខ៥ ខណៈទឹកភ្លៀងមួយភាគជាទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលអាចប្រឈមឲ្យ មានការជន់លិចលំនៅដ្ឋាន និង ផលដំណាំរបស់ប្រជាពលរដ្ឋ។

យោងគណនីហ្វេសប៊ុកផ្លូវការណ៍របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា: ខ្ញុំបាទបានដឹកនាំក្រុមការងារកម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលកំពុងមានសន្ទុះកើនឡើង ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដែល បានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។

ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែន សូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអា ចបង្ករគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ ប៊ុន សំណាង

To Top