ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន បានមកដល់ ខេត្តព្រះសីហនុហើយ

ព្រះសីហនុ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណ ៣៥០នាក់។

លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹង អំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។

លោករដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា៖ ជាការពិតណាស់ មនុស្សយើងគ្រប់រូបនៅពេលដល់វ័យចាស់ សុខភាពកាន់តែចុះខ្សោយមិនអាច ប្រកបរបរ ឬធ្វើការងារពេញលេញ រកប្រាក់ចំណូលបាន ដូចកាលពីមានកម្លាំងពលកម្មនោះទេ ហើយនេះជាកត្តាប្រឈម នឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា។ ហើយការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន គឺជាជំហានថ្មីមួយទៀត ដែលជា“ជំហានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញនៅកម្ពុជា ”និងជាចំណែកក្នុងការអភិ វឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា។

ក្នុងឱកាសជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ លោក បានថ្លែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែលពលរដ្ឋ មានវ័យចំណាស់។

ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។

ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេសបង ប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីមួយនេះ៕

To Top