ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណាបន្ត ចលនាប្រជាពលរដ្ឋ ឲ្យទៅទទួលការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់គ្នា ពិសេសការចាក់ដូសជំរុញទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការ កំរើកឡើងវិញ ។

ក្នុង កិច្ចប្រជុំត្រួតពិនិត្យការងារ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ជំងឺកូវីដ-១៩ ជាជំងឺរាតត្បាត ដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជំងឺ នេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ ។ ប៉ុន្តែដោយសារឥទ្ធិពល នៃការចាក់វ៉ាក់សាំង ទើបមិនធ្វើឱ្យមនុស្សស្លាប់ច្រើននោះទេ។

លោក អភិបាល រងបានជំរុញ អោយអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលចាក់វ៉ាក់សាំង អោយបានច្បាស់លាស់ ជាមួយនិងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀន និងតាមរោងចក្រ ។

លោក ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ នៅរាជធានីភ្នំពេញ ជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋ បានសម្រុកនាំគ្នា ទៅទទួលការចាក់វ៉ាក់សាំង យ៉ាងច្រើនកកកុញ នៅទីតាំងទាំង៤១ ដែលយើងបានរៀបចំ ។ តែសម្រាប់ពេលនេះ ការទៅទទួលការ ចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារ ស្ពាយវ៉ាក់សាំង ទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម ក៏ដោយ ដែលកិច្ចការងារនេះ យើង ត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញ អោយពួកគាត់ស្ម័គ្រចិត្ត ទៅទទួលការចាក់ វ៉ាក់សាំងដូស ជំរុញនេះ អោយបានគ្រប់គ្នា៕









