ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជារដ្ឋមន្ត្រីការងារ ដោះស្រាយ ជូនកម្មករ រឿងរោងចក្របិទ តែថៅកែមិនបើកប្រាក់ឲ្យ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការដោះស្រាយ ចំពោះការស្នើសុំ របស់ក្រុមកម្មករ ក្នុងករណីរោងចក្របិទទ្វារហើយ បែរជាថៅកែ មិនបានបើកប្រាក់ខែឲ្យពួកគេ ។

ការលើកឡើង របស់នាយករដ្ឋមន្រ្តីបែបនេះ ក្រោយពីមានកម្មករជាច្រើនរយនាក់ បាននាំគ្នាមកសុំកិច្ចអន្តរាគមន៍ ពីសម្តេចផ្ទាល់ នៅមុខភូមិគ្រឹះសម្តេច កាលពីប៉ុន្មានថ្ងៃមុន អំពីថៅកែមិនទទួលខុសត្រូវ ក្នុងការបើកប្រាក់ខែឲ្យ ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២២ សម្តេចតេជោ បញ្ជាក់ថា «យប់មិញ ខ្ញុំឃើញរោងចក្រមួយ ហើយល្ងាចមិញមានកម្មករ-កម្មការិនី ទៅខុទ្ទកាល័យខ្ញុំថា បានដាក់ញត្តិ ជាងមួយខែហើយ មិនទាន់មានចម្លើយ ។ ឥឡូវនេះ សូមបញ្ជាក់ទៅទាំងក្រសួងការងារ ទាំងខុទ្ទកាល័យទទួលបានញត្តិ ហើយរបៀបដោះស្រាយយ៉ាងម៉េចហើយ»

សម្តេចក៏បានសួរទៅអ្នក ដែលទទួលញត្តិរបស់កម្មករនោះ ដោះស្រាយយ៉ាងណាហើយ ដោយក្នុងញ្ញត្តិ កម្មករលើកឡើងថា ក្រុមហ៊ុនត្រូវបានបិទ ហើយទៅបង្កើតក្រុមហ៊ុនមួយទៀត តែភាគីក្រុមហ៊ុនថា មិនមែននោះទេ។

សម្តេចក៏បានលើកឡើងថា ទោះបីបង្កើតថ្មី ត្រូវតែបើកប្រាក់ខែឲ្យកម្មករ ។ សម្តេចបញ្ជាក់ថា «រឿងហ្នឹង គឺជារឿងដែលត្រូវធ្វើ ពីព្រោះសុខទុក្ខរបស់កម្មករ ។ គាត់រត់មករកយើង ដោយគាត់ដាក់ពាក្យ ទៅក្រសួងការងារ តាំងពីខែឧសភា ហើយចុងក្រោយកម្មករទាំងនោះ មិនដឹងទៅណាទេ មានតែទៅសម្តេចនាយករដ្ឋមន្ត្រីតែម្តង»។

សម្តេចនាយករដ្ឋមន្រ្តីបានស្នើលោក អ៊ិត សំហេង ត្រូវដោះស្រាយ ជូនកម្មករដែលស្វែងរកដំណោះស្រាយទាំងនេះ ។

សម្តេចតេជោ ក៏បានទម្លាយរឿងឲ្យក្រសួងការងារ ដោះស្រាយជូនកម្មករយ៉ាងដូច្នេះថា «កាលពីមុនខ្ញុំធ្លាប់ឲ្យអស់ លោកខ្ចីលុយ យកទៅដោះស្រាយបញ្ហា ជូនកម្មករ ហេតុអ្វីពេលនេះ អស់លោកមិនដោះស្រាយជូនកម្មករ»

សម្តេចតេជោបានលើកឡើងថា បើរដ្ឋមន្ត្រី គ្មានលុយដោះស្រាយជូនកម្មករទេ មកខ្ចីលុយរដ្ឋាភិបាល ទៅដោះស្រាយរួច ចាំដោះស្រាយជាមួយ ក្រុមហ៊ុនជាក្រោយ។

សម្តេចបញ្ជាក់ថា «តើនៅចាំទេ អ៊ិត សំហេង ខ្លួនឯង ធ្លាប់រដ្ឋាភិបាល (ខ្ញុំ) ឲ្យខ្ចីលុយយកទៅដោះស្រាយ ជាមួយកម្មករសិន រួចហើយចាំដោះស្រាយ ជាមួយថៅកែរោងចក្រ តាមក្រោម តាមរយៈប្តឹង ឃាត់ទុក ឬបង្កក់ទុកប្រាក់ តាមធនាគារ»៕

To Top