ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហើបឱ្យដឹងថា កម្ពុជា-ចិន មានគម្រោងធ្វើសមយុទ្ធ លើពហុវិស័យ រួមទាំងជើងទឹកផងដែរ នាពេលខាងមុខ។
ការបង្ហើបឱ្យដឹងនេះ ស្របពេលដែលពិភពលោក កំពុងមានភាពតានតឹង នឹងប្រឈមមុខដាក់គ្នា ស្ទើរគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច សន្តិសុខតំបន់ ជម្លោះលើដែន សមុទ្រ…ជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច នៅប្រទេសចិន សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ប្រសិនបើមានឱកាស កម្ពុជានឹងរៀបចំ ធ្វើសមយុទ្ធ «នាគមាស» ជាមួយភាគីចិន បន្តទៀត ដែលកន្លងមកសមយុទ្ធ នេះ តែងតែធ្វើនៅរដូវប្រាំង។
បន្ថែមលើសពីសមយុទ្ធ «នាគមាស»នេះ ប្រមុខការពារជាតិកម្ពុជា បានគួសបញ្ជាក់ថា “ការធ្វើសមប្រយុទ្ធលើកក្រោយៗ ទៀតនេះ យើងនឹងគូបផ្សំជាមួយសមយុទ្ធគ្រប់ ពហុវិស័យ តែម្ដង ហើយនឹងអាចមានទាំងជើងទឹកទៀតផង”។
ពាក់ព័ន្ធករណីនេះ សម្ដេច ទៀ បាញ់ អះអាងថា ភាគីកម្ពុជា មានមូលដ្ឋានសន្តិសុខលំហរសមុទ្រ ដែលកន្លងមកតែងតែ ធ្វើការ សមយុទ្ធខាងសមុទ្រដើម្បីសង្គ្រោះ «មហារំអិល» ។
ដោយឡែកចំពោះការកសាង «មូលដ្ឋានសមុទ្ររាម» សម្ដេច ទៀ បាញ់ បានលើកឡើងថា នៅតែប្ដេជ្ញាបន្តសាងសង់ ទៅមុខជានិច្ច ព្រោះដើម្បីបំពេញអធិបតេយ្យភាព របស់កម្ពុជា ។
ជាមួយគ្នានេះ សម្ដេច ទៀ បាញ់ នៅតែបន្តលើកទឹកចិត្ត និងប្រកាសស្វាគមន៍ ចំពោះប្រទេសជាមិត្តទាំងអស់ ប្រសិនជាមានសន្ដានចិត្ត ជួយកសាងឬជំរុញវិស័យការពារជាតិ កម្ពុជា ឱ្យដំណើរការទៅមុខនិងជឿន លឿន ផងដែរ៕