ព័ត៌មានជាតិ

មេសិទ្ធិមនុស្ស ប្រាប់UNថា ច្បាប់កម្ពុជា ការពាររបបប្រជាធិបតេយ្យ មិនអនុញ្ញាតឱ្យកែប្រែ ឬធ្វើវិសោធនកម្មឡើយ

ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រាប់អ្នករាយការណ៍ពិសេស ថា ច្បាប់កម្ពុជា ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស មិនអនុញ្ញាតឱ្យកែប្រែ ឬធ្វើវិសោធនកម្មឡើយ ព្រោះនេះជាលក្ខណៈពិសេសមួយ ក្នុងការធានាលំហប្រជាធិបតេយ្យនៅកម្ពុជា។នេះបេី យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ស.ម.ក។

នាឱកាសអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារ នៅសាលាប្រជុំ គ.ស.ម.ក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក កែវ រ៉េមី បានថ្លែងឱ្យដឹងថា «ច្បាប់កម្ពុជា បានការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល មិនអនុញ្ញាតឱ្យមានការកែប្រែ ឬធ្វើវិសោធនកម្មឡើយ ដែលនេះគឺជាលក្ខណៈពិសេសមួយក្នុងការធានានូវលំហ ប្រជាធិបតេយ្យនៅកម្ពុជា។ ជាក់ស្តែង ការបោះឆ្នោតបានរៀបចំឡើងជាទៀងទាត់ ហើយការបោះឆ្នោតឃុំ សង្កាត់ កន្លងមកថ្មីៗនេះ មានគណបក្សនយោបាយរហូតដល់១៧ បានចូលរួមប្រកួតប្រជែងដោយសេរីនិងស្មើភាព»។

លោក បន្ដថា រីឯលំហស៊ីវិលវិញ នៅកម្ពុជាមានបណ្ដាញសារព័ត៌មានដ៏សម្បូរបែប ដែលអាចចុះផ្សាយព័ត៌មានដោយមិនមាន ការត្រួតពិនិត្យជាមុនដោយរដ្ឋាភិបាល ហើយការប្រើប្រាស់បណ្តាញសង្គមវិញក៏មានលក្ខណៈទូលំទូលាយ តួយ៉ាង អ្នកប្រើប្រាស់ហ្វេសប៊ុកមានរហូតដល់ទៅប្រមាណ ១៣លាន២សែននាក់ រីឯអង្គការសង្គមស៊ីវិលមានប្រមាណ ៦ពាន់ កំពុងប្រតិបត្តិការការងារដោយសេរីផងដែរ។

ក្រោយពីបានទទួលព័ត៌មានទាំងអស់ខាងលើ លោក វិទិត មុនតាប៊ន បានសម្តែងនូវការកត់ សម្គាល់ពីភាពរីកចម្រើន នៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំងបានស្នើឱ្យ គ.ស.ម.ក. បន្តនិងពង្រីកការងារសិទ្ធិមនុស្សនេះបន្ថែមទៀត។

នាឱកាសនោះដែរ លោក កែវ រ៉េមី បានស្នើដល់ លោក វិទិត មុនភាប៊ីន ឱ្យរក្សាឱ្យបាននូវ តុល្យភាពព័ត៌មាន និងអនុសាសន៍នៅក្នុងរបាយការណ៍របស់លោក ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសិទ្ធិមនុស្ស។

គួរកត់សម្គាល់ថា អ្នករាយការណ៍ពិសេស មិនមែនជាមន្ត្រី ឬបុគ្គលិករបស់ អ.ស.ប. ឡើយ ហើយរាល់ ទស្សនៈ និងអនុសាសន៍ ដែលចេញដោយអ្នករាយការណ៍ពិសេស គឺជាទស្សនៈ និងអនុសាសន៍បុគ្គលផ្ទាល់ខ្លួន មិនតំណាងឱ្យស្ថាប័នណាមួយរបស់ អ.ស.ប. ហើយក៏មិនមានលក្ខណៈចាប់បង្ខំ ឬចងកាតព្វកិច្ចដល់រដ្ឋក្នុង ការអនុវត្តនោះឡើយ៕

To Top