ព័ត៌មានជាតិ

​រាជរដ្ឋាភិបាល ​ប្រឹងប្រែងបញ្ចប់ផែនការ មេភស្តុភារកម្មតម្រូវឱ្យកម្ពុជាដាក់ទុន​ ៥០ពាន់លានដុល្លារ​ លើគម្រោងជាង៣០០ (Video)

ភ្នំពេញ​ ៖​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា​
រាជរដ្ឋាភិបាល​ ខិតខំប្រឹងប្រែងបញ្ចប់ផែនការមេភស្តុភារកម្មតម្រូវឱ្យកម្ពុជាដាក់ទុនប្រមាណ៥០ ពាន់លានដុល្លារ​ លើគម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានតម្លៃកាន់តែថោកជាងមុន។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដោយមានការចូលរួមពី លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួ​នទៀត​ នាថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២២​ នៅទីស្ដីការក្រសួង​ លោក​ ស៊ុន ចាន់ថុល​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែជួយជ្រោមជ្រែងដល់ការកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនឡើង។

លោក​ បានកត់សម្គាល់ថា​ រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងផ្នែក ហិរញ្ញវត្ដុ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែតំបន់ និងកំពង់ផែមេគង្គដែលមានសមត្ថភាពដឹកជញ្ជូនទំនិញទៅដល់សហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែអន្តរជាតិក្នុងតំបន់ ដូចជា៖ កំពង់ផែសឹង្ហ បុរី ឬកំពង់ផែវ៉ុងតាវ និងគម្រោងពង្រីកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងតារាសាគរ ដើម្បីប្រែក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះធំៗដឹកអ្នកទេសចរណ៍ អ្នកវិនិយោគ និងដឹកទំនិញចុះចតបាននៅកម្ពុជា។

លោករដ្ឋមន្ដ្រី​ បានបញ្ជាក់ថា​ “រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង បញ្ចប់ផែនការមេភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជាដាក់ទុនប្រមាណ៥០ ពាន់លានដុល្លារអាមេរិកលើ គម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានតម្លៃកាន់តែថោកជាងមុន និងអាចមានឱកាសទាក់ទាញវិនិយោគិនដាក់ទុកវិនិយោគ បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារJICA និងបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងការផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណងជួយដល់កម្ពុជាក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ”។

គួរកត់សម្គាល់ថា​ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាទំនើបកម្មបច្ចេកវិទ្យា ទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើដោយដៃ មកធ្វើការក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញវិញ។ ប្រព័ន្ធនេះដែរធ្វើឱ្យផ្លាស់ប្តូរឯកសារសម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលា តម្លាភាពសុវត្ថិភាព ប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។ ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១២.២០០.០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

To Top