ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសង្គមកិច្ច៖ នៅពេលកម្ពុជាអស់កូវីដ អាចនឹងមានកម្មវិធី ផ្តល់សាច់ប្រាក់ផ្សេង មកជំនួសឲ្យពលរដ្ឋក្រីក្រ

ភ្នំពេញ៖ ក្នុងពេលកម្ពុជា បានប្រឈមនឹងវិបត្តិកូវីដ អស់រយៈពេលប្រមាណជា ២ឆ្នាំមកនេះ ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ ទៅដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ៧០ម៉ឺនគ្រួសារ ប៉ុន្តែប្រសិនបើកូវីដអស់ពីកម្ពុជា (សូន្យកូវីដ) នៅពេលណាមួយ ហើយបញ្ចប់គោលនយោបាយ ផ្តល់សាច់ប្រាក់នោះ អាចនឹងមានកម្មវិធីផ្តល់ សាច់ប្រាក់អ្វីផ្សេងមកជំនួស ។ នេះជាការលើកឡើងរបស់លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតជនយុទ្ធជន និងយុវនីតិសម្បទា ។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផល៥ឆ្នាំ របស់ក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃ១៨ សីហា លោក តូច ចាន់នី បានបង្ហាញពីការគិតទុករបស់លោកជាមុនថា នៅពេលបញ្ចប់គោលនយោបាយ ផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងបរិបថកូវីដ១៩ នៅពេលអស់កូវីដ (សូន្យកូវីដ) អាចនឹងមានកម្មវិធីផ្តល់ សាច់ប្រាក់ផ្សេងទៀត ព្រោះជាធម្មតានៅពេលពួកគាត់ ធ្លាប់ទទួលបានប្រាក់ប្រចាំខែ ហើយអត់ទទួលបានវិញ ពិតជាធ្វើឲ្យពួកគាត់ពិបាក ។

លោកបញ្ជាក់ថា “ដល់ខែបើកលុយ យើងបាន២៤ខែ បើកឲ្យគាត់បាន២៤ខែហើយ ហើយកម្មវិធីនេះ នៅតែបន្តទៀត។ ក្នុងកម្មវិធីផ្តល់សាច់ប្រាក់បានចែងថា ទាល់តែបញ្ចប់កូវីដ ។ យើងបានបើកជូនគាត់ក្នុងស្ថានភាពកូវីដ តែឥឡូវស្រុកយើងមិនទាន់សូន្យកូវីដឯណា..នៅ ចឹងកម្មវិធីនៅតែបន្ត” ។

បន្ថែមពីលើនេះលោកថា “ប៉ុន្តែខ្ញុំគិតថា បើបញ្ចប់អាហ្នឹង(សូន្យកូវីដ) អាចមានកម្មវិធីស្អីមកជំនួស ព្រោះស្ថានភាពអ្នកក្រយើងចាំបាច់ត្រូវតែជួយ ។ នេះគ្រាន់តែជាការគិតរបស់ខ្ញុំថា អាចមានកម្មវិធីស្អីមកជួស” ។

បើតាមអ្នកនាំពាក្យដដែលនេះ ក្នុងអំឡុងពេលជួបវិបត្តិកូវីដរយៈពេល ២៤ខែមកនេះ រាជរដ្ឋាភិបាលបានចំណាយជាង ៧០០លានដុល្លារ ដោះស្រាយបញ្ហាឲ្យពលរដ្ឋ ខណៈអ្នកក្រីក្រស្ថិតនៅ ក្បែរបន្ទាត់ប្រមាណជា ៧០ម៉ឺនគ្រួសារ ៕

To Top