ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យា លក់ក្របខណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់ កងកម្លាំងនគរបាល។
ទោះបីយ៉ាងណាក៏ដោយ សម្ដេច ស ខេង ក៏មិនបញ្ចេញអត្តសញ្ញាណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ ដែលត្រូវបានដកចេញ ក្រោយដើរសន្យា លក់ក្របខណ្ឌនគរបាល។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាថ្ងៃទី១៨ សីហា ២០២២ សម្តេច ស ខេង បានឲ្យដឹងថា ការប្រឡងជ្រើសរើស ក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ។ បញ្ហាទាំងនេះ សម្ដេចក៏បានយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើស ក្របខណ្ឌនគរបាល។
សម្ដេចឲ្យដឹងថា មានអ្នកចង់ធ្វើប៉ូលីសច្រើន រួចនាំគ្នារត់ការដើម្បីចូលធ្វើប៉ូលីស ហើយផ្ដល់ថវិកាឲ្យគេ ជាមុនចំនួន១ម៉ឺនដុល្លារ ឬ៣ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយនឹងបានចូលធ្វើប៉ូលីស។ សម្ដេច បញ្ជាក់ថា ទោះបីជាសម្ដេច ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មានសិទ្ធិចុះហត្ថលេខា ផ្ដល់ក្របខណ្ឌដោយគ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមានសិទ្ធិអនុញ្ញាត ឲ្យចូលប្រឡង ប៉ុន្ដែប្រឡងជាប់ ឬមិនជាប់ គឺលើខ្លួនឯង ខណៈសម្ដេច គ្មានសិទ្ធិអ្វីជួយឡើយ។
សម្ដេច មានប្រសាសន៍ «មន្ដ្រីត្រូវពិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅសម្ដេចតេជោ ដក គឺដកចេញ ដើរសន្យាគេតែម្ដង ។ ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់ មានគុណភាព ប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ»។
លើសពីនេះ សម្ដេច ស ខេង ក៏ហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីចូលធ្វើប៉ូលីស ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាទាំងនេះ កុំឲ្យចាញ់បោកគេតទៀត៕