ពោធិសាត់៖ មុខសញ្ញាប្លន់ និង កាប់អ្នកបើកបររថយន្តដឹកស្រូវ ដែលឈប់ដេកនៅតាមផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ កាលពីយប់ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២នោះ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ សហការណ៍និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលមូលដ្ឋាន និងសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក ធ្វើការឃាត់ខ្លួនបានចំនួន ៤នាក់ ក្នុងចំណោមបក្សពួកចំនួន ៦នាក់ ។
ជនសង្ស័យដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាននោះរួមមាន៖ ១ ឈ្មោះសោម គឹមហួ ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ ២ ឈ្មោះនី រតនា ហៅចូចភេទប្រុសអាយុ ២០ ឆ្នាំរស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ៣ ឈ្មោះ ហ៊ីង កុយរិទ្ធ ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ និងទី៤ ឈ្មោះសូត្រ ទីណា ភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកក្រគរ បានអោយដឹងថា ជនសង្ស័យទាំង ៤ នាក់នោះកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនិតិវិធី៕