ព័ត៌មានជាតិ

កម្ពុជាស្នើថៃ ពិចារណាលើកលែង ការយកកម្រៃពន្ធ លើពលរដ្ឋធ្វើដំណើរចេញចូល ទិញទំនិញ និងព្យាបាលជំងឺ

ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំភ្នាក់ងារគយថៃ ប្រចាំច្រកឆុងចម នៃខេត្តសុរិន្ទ ពិចារណាលើកលែងការយកកម្រៃ ពន្ធពីប្រជាជនកម្ពុជា ដែលបានឆ្លងដែន ចូលទៅទិញទំនិញ បន្តិចបន្តួចពីផ្សារថៃ ដើម្បីយកមកប្រើប្រាស់ ជាលក្ខណៈគ្រួសារមិនមែនពាណិជ្ជកម្ម កំឡុងពេលស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាល។

សំណើខាងលើ បានធ្វើឡើងនាឱកាសដឹកនាំ ប្រតិភូស្ថានទូត ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឧត្តមសេនីយ៍ទោ ភុងថេប កែវឆៃយោ អគ្គនាយកនៃនាយកដ្ឋានកិច្ចការព្រំដែនទូទៅ នៃអគ្គបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ និងជាលេខាធិការដ្ឋាន GBC ថៃ-កម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅច្រកទ្វារព្រំដែនអន្តរជាតិ ឆុងចម ខេត្តសុរិន្ទ និងអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។

ក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ ក៏បានស្នើសុំភាគីថៃ ជួយសម្រួលការធ្វើដំណើរចេញចូលមកពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នកជំងឺកម្រិតធ្ងន់ ដែលត្រូវការសង្គ្រោះបន្ទាន់ ដោយគ្រាន់តែ មានលិខិតបញ្ជាក់ ពីក្រុមការងារព្រំដែន កម្ពុជា-ថៃ ដូចកាលដែលមិនទាន់ មានវិបត្តិជំងឺកូវីដ១៩។

ជាការឆ្លើយតប ភាគីថៃ បានសន្យានឹងពិចារណា សំណើខាងលើ ចំណែកបញ្ហាលើកលែងពន្ធ សម្រាប់ទំនិញគ្រួសារ ភាគីទាំងពីរឯកភាព នឹង បង្កើតគ្រុបកម្ម វិធីតេឡេក្រាមរួម ដើម្បីផ្លាស់ប្តូរព័ត៌មាន ជូនគ្នាទៅវិញទៅមក និងបំពេញរាល់ចន្លោះ ខ្វះខាតប្រកបដោយភារតភាព៕

To Top