ព័ត៌មានជាតិ

បញ្ជូនខ្លួនបុរសសង្ស័យ មេខ្លោងជួញដូរ គ្រឿងញៀនម្នាក់ ទៅតុលាការ ចាត់ការពាក់ព័ន្ធនឹងការ រក្សាទុក និង ជួញដូរគ្រឿងញៀនជាង១៨ គីឡូក្រាម នៅភ្នំពេញ

ភំ្នពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផៃ្ទ កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ ចាប់ខ្លួន និង បញ្ជូនខ្លួន បុរសសង្ស័យ ជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការរក្សាទុក ផលិត និង ជួញដូរគ្រឿងញៀន ជាង ១៨ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ជនសង្ស័យ ឈ្មោះ ហេង សុវណ្ណបូរី ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទសវត្សរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបាន រូមមាន: គ្រឿងញៀនប្រភេទ កេតាមីន(KETAMIN) ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម, មេតំហ្វីតាមីន មានទម្ងន់សុទ្ធ ១២.៦១ក្រាម, អ៉ិចស្តាស៊ី (MDMA) មាន ទម្ងន់សុទ្ធ ១៧គីឡូក្រាម និង៨៦៤.០៤ក្រាម។

សរុបសារធាតុញៀន ដែលរឹបអូសបាន ពី ជនសង្ស័យ មានចំនួន ១៨គីឡូក្រាម និង ៣២៤.៥៩ក្រាម និង ម៉ូតូ១គ្រឿង។

ឥឡូវនេះ ជនសង្ស័យ កំពុងត្រូវបាន សាកសួរចម្លើយ នៅឯ សាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕

ដោយ: លីហ្សា

To Top