នយោបាយ

លោក សយ សុភាព៖ សម្ព័ន្ធភាព២០២៣ របស់បក្សក្រៅរដ្ឋាភិបាល ល្អ តែទំនងជាអនុវត្តន៍លំបាក

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គោលគំនិតរបស់ បក្សនយោបាយក្រៅរដ្ឋាភិបាល ក្នុងការបង្កើតសម្ព័ន្ធភាព២០២៣ ល្អ តែទំនងជាអនុវត្តន៍លំបាក ។

ការលើកឡើង ជារបស់ លោក សយ សុភាព បែបនេះ បន្ទាប់ពី គណបក្សនយោបាយចំនួន៤ រួមមាន គណបក្សភ្លើងទៀន គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្ស កែទម្រង់ កម្ពុជា បានសហការគ្នា ដើម្បីឲ្យសម្ព័ន្ធភាពនេះ ឱ្យមានសំឡេងគ្រប់គ្រាន់ ដើម្បីវិសោធនកម្មច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ កែទម្រង់គជប អនុម័តថវិកាជាតិ និងច្បាប់នានា ដែលលើកស្ទួយ ប្រជាធិបតេយ្យ សេរីពហុបក្ស សេរីភាពនយោបាយ និងជីវភាពប្រជាពលរដ្ឋ។

ពាក់ព័ន្ធករណីខាងលើនេះ តាមរយៈគេហទំព័រសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងនូវទស្សនៈចំនួន៥ចំនុច រួមមាន៖

១- គោលគំនិតល្អ តែជាអនុវត្តន៏ទំនងជាលំបាក។

២- តើមានកៅអី ក្នុងសភា សម្រាប់ជំរុញ វិសោធនកម្មរដ្ឋធម្មនុញ្ញដែរឬទេ?

៣- ពេលវេលានៅសល់តិចណាស់។ ម៉្យាងទៀតអាមេរិកនិងអឺរ៉ុប កំពុងជួបវិបត្តិដោយសារសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន។ និយាយដោយចង្អៀត អាមេរិក ជ្រើសរើសយក ក្រុម កឹម សុខា ។ លើសពីនេះទៅទៀត អាមេរិក មិនហ៊ានតទល់ ចំមុខជាមួយចិន។

៤- សព្វថ្ងៃអាមេរិក មិនចាត់ទុកក្រុមប្រឆាំង សំខាន់តទៅទៀតទេ។ អាមេរិកសម្លឹងផល ប្រយោជន៏ធំជាមួយបក្សកាន់អំណាច បើកផ្លូវឱ្យតជប៉ុន បង្កើនការវិនិយោគនិង ផ្តល់ប្រាក់កម្ចីសម្បទាន ដើម្បីកុំឱ្យចិនផ្តាច់មុខ (ភូមិសាស្ត្រនយោបាយ ប្រ៊ី ប្រកួតជាមួយឥណ្ឌូប៉ា-ស៊ីហ្វិក)។ សម្រាប់ខ្មែរ ជាឱកាសមាស ដែលមិនធ្លាប់មាន។

៥- ចិន-ជប៉ុន ត្រូវតែទុកខ្មែរ ជាចំនុចស្នូល នៃការប្រជែងភូមិសាស្ត្រនយោបាយដោយ មានកិច្ចព្រមព្រៀងជាមួយគ្នា ដោយយកតាមលំនាំអង់គ្លេសនិងបារាំង បានចុះកិច្ចព្រមព្រៀង ឆ្នាំ១៨៩៦ ស្តីពីមិនយកសៀម ប្រកួត រវាងអ្នកទាំង២។

បើតាមលោក យ៉ង់ សាំងកុមារ ដែលជាភាគីខាងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន បានអះអាងថា ការចងសម្ព័ន្ធភាព សម្រាប់បេសកម្ម២០២៣ តាមរយ:ការចែកមណ្ឌលគ្នា ប្រកួតតាមគោលការណ៍សមធម៌ និងសាមគ្គីភាព នឹងជួយឲ្យក្រុមបក្សក្រៅរដ្ឋាភិបាល អាចទទួលបានជោគជ័យច្រើនក្នុងការកសាង កម្លាំងពហុបក្សក្នុងសភាជាតិ។

To Top