ព័ត៌មានជាតិ

ប្រធានមហាសន្និបាត UN និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ

ភ្នំពេញ៖ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៩ សីហា បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អាប់ឌូឡា សាហ៊ីដ នឹងអញ្ជើញជួប សម្តែងការគួរសម ចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកប្រធានមហាសន្និបាត អ.ស.ប. លើកទី៧៦ ក៏នឹងមាន ជំនួប ពិភាក្សាការងារជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិផងដែរ ។

ដំណើរទស្សនកិច្ចរបស់ លោក អាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់អំពី តួនាទីប្រកបដោយការស្ថាបនា របស់កម្ពុជានៅក្នុង អ.ស.ប ជា ពិសេសក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន ក៏ដូចជា តួនាទី របស់ អាស៊ាន និងអ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម ។ ការធ្វើឱ្យតួនាទីរបស់អ.ស.ប កាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាង អាស៊ាន- អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទ សម្រាប់កិច្ចពិភាក្សាផងដែរ ៕

To Top