ព័ត៌មានជាតិ

ពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ៥៣គ្រួសារស្រុកកងមាស ទទួលអំណោយ ពីសាខាកាកបាទក្រហម ខេត្តកំពង់ចាម

កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនិងសហការី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៣ គ្រួសារ មកពី ៥ឃុំ គឺឃុំព្រែកុយ,ឃុំរាយប៉ាយ, ឃុំអង្គរបាន ,ឃុំពាមជីកង និងឃុំសូរគង បាបរៀបចំនៅក្នុង បរិវេណ វត្តសោភ័ណមុន្យារាម ហៅ វត្តកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស ។  

លោក ទូច ឆៃ នាយកប្រតិបត្តិសាខា បានឲ្យដឹងថា ជនងាយរងគ្រោះទាំងអស់រួមមាន ចាស់ជរា ២០គ្រួសារ ជនមានពិការភាព ១១ គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ៩គ្រួសារ មានជំងឺប្រចាំកាយ ៧គ្រួសារ មានជំងឺរ៉ាំរ៉ៃ ១គ្រួសារ ទ័លលំបាក ២គ្រួសារ មានសតិមិនគ្រប់ ២គ្រួសារ និង កុមារកំព្រា ១គ្រួសារ ។

ក្នុងឱកាសនោះដឺរ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែល ជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាង ឲ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ ” ។ 

ទន្ទឹមនឹងនោះ លោកប្រធានសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះទាំង ៥៣គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ ២៥ គ.ក្រ ទឹកត្រី ១យួរ មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០ កំប៉ុង សាប៊ូ protex ៤ដុំ ឃីត ១កញ្ចប់  អាវយឺត ៤ ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេន ព្រះចៅអធិការវត្តសោភ័ណមុន្យារាម ហៅវត្តកោះតាង៉ោ នូវ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕

To Top