ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតហើយ សម្រាប់ឆ្នាំ២០២៣នេះ គឺកម្ពុជានឹងធ្វើម្ចាស់ផ្ទះ កម្មវិធីប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិធំបំផុតនៅអាស៊ី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ។
កម្មវិធីប្រកួតប្រជែងរ៉ូបូត ABU Robocon 2023គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់ យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។ ឆ្នាំ២០២៣ កម្ពុជា នឹងជ្រើសរើសវិញ្ញាសា «រ៉ូបូត បាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោល» ដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ និងល្បែងបោះឡូ។
ក្នុងនោះ និស្សិតនៃបណ្តាប្រទេសទាំងអស់ នឹងត្រូវប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិ នៃប្រទេសរៀងៗខ្លួន ទើបបញ្ជូនជើងឯក មកប្រកួតកម្រិតអន្តរជាតិនៅកម្ពុជា។ សម្រាប់ ឆ្នាំ២០២៣ នឹងរំពឹងទុកថា មានក្រុមរ៉ូបូតមកពីប្រទេសជិត២០ មកប្រកួតនៅរាជធានីភ្នំពេញ នាចុងខែសីហា។
សូមបញ្ជាក់ថា ក្នុងពិធីទទួលទង់ជាប្រវត្តិសាស្រ្ត សម្រាប់ធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិ ABU Robocon 2023 នៅរាជធានីភ្នំពេញ ក្រោមវត្តលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២៕