ព័ត៌មានជាតិ

ឃាត់ខ្លួនសង្ស័យប្រុស-ស្រី៣នាក់ ពាក់ព័ន្ធនឹងការក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់ នៅខេត្តស្ទឹងត្រែង !!!

ភ្នំពេញ: សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រែង នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង កាលពីអាធ្រាត ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ នេះ បានធ្វើការ បង្រា្កប និង ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន នៅក្នុងខេត្តស្ទឹងត្រែង។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលចម្រុះ ដែលបានដឹកនាំផ្ទាល់ពី លោក ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីដោយលោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះធ្វើការបង្រ្កាបការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផល HTPs នៅចំណុច ផាប់ BLACK NIGHT ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: បន្ទាប់ពីការត្រួតពិនិត្យ និង ឆែកឆេរ ទីតាំងសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួន បានជនសង្ស័័យ ឈ្មោះ ធីម ពិសី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង មានវត្ថុតាងមួយចំនួនធំ ។

បន្ទាប់មកទៀត, កម្លាំងសមត្ថកិច្ចនគរបាល ក៏បានបន្តឆែកឆេរផ្ទះជួលរបស់ឈ្មោះ ធីម ពិសី និង បានឃាត់ខ្លួន
ជនសង្ស័យចំនួន ២នាក់ ទៀតមាន ឈ្មោះ៖


ទី ១-ឡាង ចន្ថា ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ អាស័យដ្ឋានបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ និង ទី២- សុខ លាង ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរកសិករ អាស័យដ្ឋានបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រួមនិងវត្ថុតាងបានមួយចំនួន ។

នៅក្នុងប្រតិបត្តិការណ៍នោះ កម្លាំងសមត្ថកិច្វនគរបាល ក៏បានធ្វើការឃាត់ខ្លូនយុវជន យុវតី សរុប ៤០នាក់ ផងដែរ និងបានធ្វើកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត នៅឯ លំនៅដ្ឋានរបស់ពួកគេ ។

ក្រោយប្រតិបត្តិការណ៍ បង្ក្រាបខាងលើនេះ , កម្លាំងសមត្ថកិច្ចនគរបាល រឹបអូសបាន វត្ថុតាងរួមមាន៖

-បារីអេឡិកត្រូនិកចំនួន ៥២៧គ្រឿង
-ម៉ាស៊ីនវេបចំនួន ២៨គ្រឿង
-ទឹកដំណាប់(ទឹកវេប)ចំនួន ៩០ដប
-ក្បាលម៉ាស៊ីនវេបចំនួន ៣០ប្រអប់
-ក្បាលបារីអេឡិកត្រូនិកចំនួន ៩៥ប្រអប់។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ព្រមទាំងវត្ថុតាង ដែលរឹបអូសបាន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការ តាមនីតិវិធីច្បាប់៕

ដោយ: លីហ្សា

To Top