ភ្នំពេញ: លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) ស្វាគមន៍ សមាជិកថ្មីរបស់TYDA នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។

លោក ហ៊ុន ម៉ាណែត លើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ ឆ្នាំមកហើយ និងមានសមាជិក-សមាជិកាចំនួនជាង ៨ ពាន់នាក់ ហើយបានធ្វើសកម្មភាពមនុស្សធម៌ នៅទូទាំងប្រទេស ។ លទ្ធផលជាក់ស្ដែង មកទល់ពេលនេះ គឺបានព្យាបាលប្រជាពលរដ្ឋ បានចំនួនជិត ៣៥ ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង ៦ ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាល បន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨ នាក់ត្រូវបានវះកាត់ ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

លោកបណ្ឌិត បន្តថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការ ដែលមកជំនួសអោយយន្តការ របស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយ ដែលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាល ជូនដល់ ប្រជាពលរដ្ឋ ដែលស្របទៅតាមការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេស គឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង ។ ជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់ សម្តេចតេជោ គឺ សម្តេច តែងតែលើកទឹកចិត្តជានិច្ច ដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យអាទិភាពមួយផងដែរ ។

លោក រំលេចថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិក-សមាជិកា ចូលរួមដោយគ្មានការរើសអើង ដើម្បីចូលរួមធ្វើសកម្មភាព មនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូ សហការផ្សេងៗយ៉ាងទូលំទូលាយ ។

មិនតែប៉ុណ្ណោះ លោក ក៏សូមអរគុណសមាជិក-សមាជិកាសមាគម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ សូមថ្លែងអំណរគុណសប្បុរសជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារបរិក្ខារ ក្នុងការផ្ដល់លទ្ធភាព និង ទ្រទ្រង់សមាគម ឱ្យសមាគមមានលទ្ធភាព បំពេញបេសកកម្មមនុស្ស ធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃ គូសហការដែលបាន ជួយឧបត្ថម្ភគាំទ្រ តាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្ម ក៏ដូចជាការជួយ សម្របសម្រួល យកចិត្តទុកដាក់រាល់ សកម្មភាពរបស់សមាគម។

សូមបញ្ជាក់ថា នេះគឺជាលើកទី៥ ដែលសមាគមប្រារព្ធពិធីបញ្ចូល សមាជិកជាផ្លូវការ ដែលថ្ងៃនេះ សមាជិកា សមាគមស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)៨០០នាក់ ត្រូវបានបញ្ចូលជាសមាជិក សមាគម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ(TYDA) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២៕








