ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាលោក ខៀវ កាញារីទ្ធ ដកអាជ្ញាបណ្ណ បើអ្នកព័ត៌មាន ឡាយជេរគេជេរឯង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណ ក្នុងករណីមានអ្នកសារព័ត៌មានណា ដែលឡាយវីដេអូជេរបញ្ចោរគេជេរឯង ។

ការដាក់ចេញបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សាន ប៊ុនធឿន បានឡាយវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក ជេរប្រមាថគេឯង ដោយមិនមានក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ។ ជាមួយគ្នានោះសង្កេតឃើញថា លោក សាន ប៊ុនធឿន តែងតែឡាយវីដេអូផឹកស៊ី និងជេរគេជេរឯង ជារឿយៗផងដែរតាមបណ្ដាញសង្គមហ្វេសប៊ុក ។ 

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ សីហា សម្តេចតេជោបញ្ជាក់ថា «សាន ប៊ុនធឿន បានចេញវីដេអូនិយាយថា គេធ្វើនេះគឺដើម្បីឲ្យមានអ្នកមើលច្រើន និង Like ច្រើន អើបើថាអាធន់ហ្នឹង ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាដែលចេញមកជេរ បិទវាទៅ ហើយសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរ មិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ហើយ បើវាឡាយហ្វេប៊ុកខ្លួនវាអីជេរ អាហ្នឹងរឿងរបស់វា» ។

ជាមួយគ្នាននេះ សម្ដេចតេជោ បានទម្លាយពីទំហំ នៃការជួយរបស់សម្តេចដល់ សាន ប៊ុនធឿនផងដែរ នៅពេលសាន ប៊ុនធឿន ធ្លាក់ខ្លួន គ្មានអ្នកណាគេចង់រាប់រក កាលប្រមាណជា១០ឆ្នាំមុនេះ ។ សម្តេចថាតម្លៃផ្ទះជាង១៨ម៉ឺនដុល្លារ ត្រូវបានសម្តេចទិញឲ្យលោក សាន ប៊ុនធឿន ប៉ុន្តែក្រោយលោក សាន ប៊ុនធឿន បានផ្ទះហើយ គឺបានធ្វើឲ្យសម្ដេចខកចិត្តតែម្ដង ។ ខកចិត្តនោះ ត្រូវបានសម្តេចលើកមកបង្ហាញថា គឺសាន ប៊ុនធឿន ធ្លាប់តែរស់នៅផ្ទះជួល បែរមកជាអួតក្អែងក្អាងថា ផ្ទះខ្លួនឯងទិញគ្មានជំពាក់អ្នកណាមួយរៀលទេ ។ ត្រង់ចំណុចនេះ ដែលធ្វើឲ្យសម្តេចឆ្អែតចិត្ត តែសម្ដេចនៅតែអនុគ្រោះឲ្យលោក សាន ប៊ុនធឿន ។

ទាក់ទិនជាមួយរឿងលោក សាន ប៊ុនធឿន ធ្វើឲ្យខកចិត្តនេះដែរ សម្ដេចតេជោលើកឡើងថា «ខកចិត្តយ៉ាងម៉េច… សាន ប៊ុនធឿនឡាយថា មុនដំបូងតែងចម្រៀងមួយបទ លាហើយផ្ទះឈ្នួល ថាអាលាហើយផ្ទះឈ្នួលវាមិនអីទេ ប៉ុន្តែទៅឡាយថា អញអត់ជំពាក់អាណាមួយរៀល ពីមុនជំពាក់គេ ចុះចាំបាច់ទៅនិយាយធ្វើអី» ។

សម្ដេចបន្តថា បន្ទាប់ពីនោះទៅ សាន ប៊ុនធឿន បានជេរមេប៉េអឹមខេត្តព្រះសីហនុ ពេលនោះសម្ដេចក៏ប្រាប់ទៅ សាន ប៊ុនធឿនថា ធ្វើចឹងមិនត្រូវទេ និងឲ្យសុំទោសមេប៉េអឹមខេត្តព្រះសីហនុវិញ ។

សម្ដេចតេជោបន្ថែមថា កាលពីឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានដាក់សំណើទៅសម្ដេច ដោយស្នើសុំឲ្យមេធាវីសម្ដេចតេជោ ជួយការពារអ្នកសារព័ត៌មាន ដែលពេលនោះសម្ដេចឆ្លើយតបថា សម្ដេចទទួលយកពាក់កណ្ដាល គឺជួយការពារអ្នកសារព័ត៌មាន ដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើក្នុងករណីជេរគេ គឺសម្ដេចអត់ការពារទេ ។ 

សម្ដេចថា ករណីលោក សាន ប៊ុនធឿន គឺជេរគេជេរឯង ហើយដោយទាំងអធិរាជមហាសាច់ ដែលឡាយជេរគេជេរឯងតាមចិត្តតែម្ដង សម្ដេចថា សាន ប៊ុនធឿន និងអធិរាជមហាសាច់ នៅក្នុងកងអង្គរក្សរបស់សម្ដេច ដល់ពេលចឹងគេមិនថា «អានេះអាងតែនៅក្បែរនាយករដ្ឋមន្ត្រីជេរអ្នកណាក៏បាន បើចឹងមានតែដេញចេញតែប៉ុណ្ណឹង ឲ្យវាចប់សេចក្ដី» ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២១ សីហា សម្តេចតេជោ ហ៊ុន សែន បានបញ្ជានាយកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព ដោយសារ សម្តេចលើកឡើងថា ចរិតពាលរបស់សាន ប៊ុនធឿន មិនអាចកែប្រែបាន ក្រោយសម្តេចអប់រំមិនឲ្យផឹកស្រា និងជេរបញ្ចោរ គេឯង ។ ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២២ សីហា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសម្រេចលុបចោលអាជ្ញាប័ណ្ណ ម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន លែងធ្វើអាជីវកម្ម ផ្សព្វផ្សាយ លើគេហទំព័រ sbtpost.com បន្តទៀតផងដែរ ៕

To Top