ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានខេត្តចំនួន ១៣ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ហើយខេត្តពោធិ៍សាត់ គឺជាភូមិសាស្រ្តទី១៣ ដែលទទួលបានការចុះបើកយុទ្ធនាការ ផ្សព្វផ្សាយខាងលើ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លោក ចេង ឡៃ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួម ពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជាង ២០០នាក់។
លោកអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ការបង្កើតឱ្យមាននូវយុទ្ធនាការ ផ្សព្វផ្សាយរយៈពេល៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹង អំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
លោកអគ្គនាយក ប.ស.ស. បានបន្តទៀតថា៖ ការយល់ដឹងកាន់តែច្បាស់ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់ អាចចូលរួមយ៉ាងផុសផុល ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត ជាមួយនឹងការទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនផងដែរ។
លោកអគ្គនាយក ប.ស.ស. បានបន្តថា៖ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាព ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្តស្តីទី ក្នុងឱកាសជាមួយគ្នានេះ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋ មានវ័យចំណាស់។
លោកបានអំពាវនាវ ទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ៕