ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)បានប្រកាសរកឃើញ សាធាតុអាបេស្តូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារចំនួន១២ប្រភេទ ដែលនាំឲ្យមានជំងឺមហារីក។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការរកឃើញសារធាតុអាបេស្គូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) របស់ ក.ប.ប. នាថ្ងៃ២៣ សីហា បានឲ្យដឹងថា អគ្គនាយកដ្ឋាន បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគ លើផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) មួយចំនួន ដើម្បីវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលជាសារធាតុបង្ក គ្រោះថ្នាក់ដល់សុខភាព អ្នកប្រើប្រាស់។
ក.ប.ប បន្តថា យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ បានបង្ហាញឲ្យឃើញ ពីសំណាកគំរូផលិតផលម្សៅលាបទារក និងកុមារមួយចំនួនមានវត្តមាន សារធាតុអាបេស្តុស ។
ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ជាពិសេសទារកនិងកុមារ ក.ប.ប. ដាក់ចេញវិធានការបណ្តោះអាសន្ន ឲ្យក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ផ្អាកជាបណ្តោះអាសន្ន ការនាំចូលនិងចែកចាយ រាល់ផលិតផលទាំងនេះ ។ ប្រមូលពីទីផ្សារផលិតផល ម្សៅលាបទារកនិងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. អំពីបរិមាណផលិតផល ដែលប្រមូល។
អគ្គនាយកដ្ឋាន ក.ប.ប. ទុករយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឲ្យក្រុមហ៊ុនសហការ ជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នាំយកសំណាកនៃផលិតផល ដែលត្រូវបានរកឃើញ មានសារធាតុអាសបេស្តុស ទៅវិភាគនៅមន្ទីរពិសោធន៍។
សូមជម្រាបជូនផងដែរថា សារធាតុអាសបេស្តូស មិនត្រូវអនុញ្ញាតឲ្យមានវត្តមាន នៅក្នុងផលិតផល គ្រឿងសម្អាងទេ ។ វត្តមាននៃសារធាតុនេះ អាចនឹងបង្កគ្រោះថ្នាក់ខ្លាំង ដល់សុខភាពមនុស្ស ជាពិសេសអាចបណ្តាលឲ្យកើតជំងឺមហារីក៕