ព័ត៌មានជាតិ

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ រៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារទេសចរណ៍ មហាអនុតំបន់មេគង្គ (Video)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត ជាគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួង ទេសចរណ៍ បានឱ្យ ដឹង បន្ថែម ថា កិច្ចប្រជុំខាងលើរៀបចំឡើង ក្នុងគោលបំណង ដើម្បី៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្ត យុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេស ផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។
២. ជំរុញផ្សព្វផ្សាយទេសចរណ៍ មហាអនុតំបន់មេគង្គ រៀបចំទិសដៅចាប់យក ទីផ្សារទេសចរណ៍ចម្បងៗ សម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ ក្នុងការស្តារវិស័យទេសចរណ៍ មហាអនុតំបន់មេគង្គឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

៣.ជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូង ក្នុងតំបន់ឆ្នេរសមុទ្រ (Southern Tourism Corridor)។
៤. បង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នា រវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍ល្អៗ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែ កពីការអនុវត្តល្អៗរបស់កម្ពុជា ដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់ នៅក្នុងតំបន់អាស៊ាន ការដាក់ឲ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023)” និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ២០២៣ ផងដែរ៕

To Top