ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តស្វាយរៀង បំភ្លឺជុំវិញរឿងក្មេងស្រីម្នាក់ឪម៉ាល់ទិច ខណៈមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានស្លាប់តាមផ្លូវ

ស្វាយរៀង៖ យោងតាមរបាយការណ៍ របស់មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានបំភ្លឺជុំវិញរឿងក្មេងស្រីម្នាក់ឪម៉ាល់ទិច ខណៈមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានស្លាប់តាមផ្លូវ។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងសូមបំភ្លឺ ជូនសាធារណៈជន និងក្រុមគ្រួសារនៃសពថា ចំពោះករណីមរណៈភាពកុមារីឈ្មោះ ភឿន ចាន់ថា ភេទស្រី អាយុ៧ឆ្នាំ អាស័យដ្ឋានភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានចូលមកសម្រាក នៅមន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោង១៧:១១ នាទី ដោយមូលហេតុឱម៉ាល់ទិចប្រហែលលើសពី ៣០ទ្រនិច នៅលើដៃទាំងសងខាង ជើងទាំងសងខាង នៅលើក្បាល និងដងខ្លួន ដែលតម្រូវឲ្យក្រុមគ្រូពេទ្យធ្វើការសង្រ្គោះបឋម។

តាមរបាយការណ៍បានបញ្ជាក់ថា នៅវេលាម៉ោង១៧:៤០នាទី ក្រុមគ្រូពេទ្យបានធ្វើការវាយតម្លៃ ពីស្ថានភាពអ្នកជំងឺឡើងវិញ ដោយពិនិត្យឃើញថា ជាតិពុលរបស់សត្វទិចបានពុល ទៅលើសរីរាង្គសំខាន់ៗ គ្រប់ទីកន្លែងដូចជា តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ប៉ុន្ដែក្រុមគ្រូពេទ្យនៅតែបន្តការ ព្យាបាលដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសព ពុំអាចធ្វើការបញ្ជូនបានទេ ព្រោះអាចបណ្ដាលឲ្យអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ។ ក្រោយពីការសង្រ្គោះអស់រយៈពេលជាង២ ម៉ោងស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ។ នៅវេលាម៉ោង២០:១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តធ្វើការបញ្ជូន អ្នកជំងឺតាមរថយន្ដសង្រ្គោះ ទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទាំងស្ថានភាពនៅតែធ្ងន់ធ្ងរដែល បានទៅដល់មន្ទីរពេទ្យ នៅវេលា ម៉ោង២២:១៥នាទី។ សាកសពកុមារីត្រូវបានរថយន្តសង្គ្រោះដឹក ជូនដល់លំនៅដ្ឋានដោយពុំគិតថ្លៃសេវាដឹកជញ្ជូន រីឯថ្លៃសេវាដឹកបញ្ជូន ទៅសង្គ្រោះនៅភ្នំពេញក៏បានប្រគល់ជូន ដល់ក្រុមគ្រួសារនៃសព ដើម្បីជាការចូលរួមរំលែកទុក្ខផងដែរ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមសំដែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព កុមារី ភឿន ចាន់ថា ដោយក្តីក្រៀមក្រំក្រៃលែង៕

To Top