ប៉ៃលិន៖ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ បងប្អូននិយោជកជាច្រើន ដែលបានចូលរួមក្នុងពិធីខាងលើ បានសម្តែងនូវការពេញចិត្ត និងសាទរយ៉ាងខ្លាំងចំពោះការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យឯកជន ហើយពួកគាត់ទាំងអស់ដែលជានិយោជកពេញចិត្ត ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់កំណត់។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយខាងលើ បានថ្លែងថា៖ ការចូលរួមអនុវត្តកាតព្វកិច្ច របស់បងប្អូននិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតផងដែរ ជាពិសេសគឺបានចូលរួម លើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធមួយដ៏សំខាន់ ក្នុងការការពារខ្លួនពេញ ១វដ្ដជីវិត។
លោក ប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាន នូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រង លើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀតផងដែរ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ ជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗ ដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណើត រហូតដល់ស្លាប់តែម្ដង។
លោក ប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា៖ ការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន គឺជាការគិតគួរ និងយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរសនៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។
លោក ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសជាមួយគ្នានេះ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
លោកអភិបាលរងខេត្តប៉ៃលិន បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្ត នៃទឹកដីខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត កាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមកម្ពុជា។
សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺជាខេត្តទី១៥ ហើយ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន។
ខេត្តនេះ មានបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. សរុបប្រមាណ ៧ ៥៨២ នាក់ ស្មើនឹង ១៦៧សហគ្រាស គ្រឹះស្ថាន ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ មានចំនួន ៤២៣៦នាក់ និងមានមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. សរុបចំនួន ៧ ដែលក្នុងនោះ មានមណ្ឌលសុខភាពចំនួន ៦ ដែលបងប្អូនសមាជិក ប.ស.ស. ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ៕