ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ នាព្រះដំណាក់ ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជួបពិភាក្សាការងារជាមួយលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។



លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ជប់ជំនួបថា ជំនួបរវាងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី និងលោក លីវ ជានជាវ ភាគីទាំងពីរបានផ្ដោយទៅលើទំនាក់ទំនងរវាងគណបក្សទាំងពីរ ដែលបានបន្សុលនូវអនុស្សាវរីយ៍ជាច្រើន រវាងសម្តេចព្រះបាទនរោត្តម សីហនុ ដែលភាគីទាំងពីរធ្លាប់បានសាងរួមគ្នា ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាកេរ្តិ៍ដមណែលដ៏ពិសិដ្ឋរបស់សម្តេច ព្រះបាទ នរោត្តម សីហនុ។

លោកបានបញ្ជាក់ថា “នៅក្នុងជំនួបនេះភាគីចិននៅតែបន្តពង្រឹងចំណងទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ ជាពិសេសការផ្តោតយកចិត្តទុកដាក់ ធ្វើយ៉ាងណាជួយបណ្តុះបណ្តាលដល់យុវជនគណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យកាន់តែមានសមត្ថភាពខ្លាំងក្លាបន្ថែមទៀត”។
លោកបានឲ្យដឹងទៀតថា ក្នុងនាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ទ្រង់មានបន្ទូលថ្លែងអំណរគុណ ចំពោះភាគីគណបក្សកុម្មុយនិស្តចិន ដែលបានផ្តល់ជំនួយជាច្រើនមកដល់ប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្តល់នូវ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា៕








