យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានអំពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុបនៅ Zaporizhzhia ។
លោក Guterres បានលើកឡើងថា “សកម្មភាពណាមួយ ដែលអាចបង្កគ្រោះថ្នាក់ ដល់បូរណភាពរាងកាយ សុវត្ថិភាព ឬសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរ គឺមិនអាចទទួលយកបាននោះទេ។ ការកើនឡើងបន្ថែមទៀត នៃស្ថានភាពអាចនាំឱ្យមានការបំផ្លិចបំផ្លាញខ្លួនឯង” ។
លោកបន្តថា សន្តិសុខរោងចក្រត្រូវតែធានា ហើយរោងចក្រត្រូវតែបង្កើតឡើងវិញជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សុទ្ធសាធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីសង្ខេបរបស់លោកស្រី ទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិភាព Rosemary DiCarlo បានលើកឡើងថា រោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅតែបន្តប្រតិបត្តិការដោយបុគ្គលិកបច្ចេកទេសអ៊ុយក្រែន ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កងកម្លាំងយោធារុស្ស៊ី តាំងពីដើមខែមីនា។ នៅដើមខែសីហា របាយការណ៍គួរឱ្យព្រួយបារម្ភ អំពីការកើនឡើងនៃការបាញ់ផ្លោង នៅជុំវិញរោងចក្របានចាប់ផ្តើមលេចចេញជារូបរាង។
នៅក្នុងនោះដែរ លោក Guterres បានសម្តែងក្តីសង្ឃឹមថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អាចបញ្ជូនបេសកកម្មទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល ឈូក បូរ៉ា