កំពង់ចាម៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានសមាគមន៍ សង្គហមិត្ត បុក្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបុគ្គលិក មន្ត្រីរាជការចូលនិវត្តន៍ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ពិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម ដែលមានការចូលរួមពីបុគ្គលិក មន្ត្រីរាជការចូលនិវត្តន៍ មកពីអង្គភាព មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត សាខាគយ និងរដ្ឋករខេត្ត និងអង្គភាពរតនាគារខេត្ត ។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ពិធីនេះ បានបង្ហាញពីរកាយវិការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមន៍ សង្គហមិត្ត ចំពោះសុខទុក្ខ បុគ្គលិក មន្ត្រីរាជការ បានចូលនិវត្តន៍ នៅក្នុងខេត្តកំពង់ចាម ហើយបានចង់ចាំជានិច្ចនូវគុណបំណាច់ ស្នាដៃដ៏ធំធេង ដែល អ៊ំ ពូ មីង ធ្លាប់បានចូលរួមការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាមួយនឹងសន្តិសុខមានសុវត្ថិភាពល្អ ក្នុងកាលៈទេសៈឆ្លងកាត់ដ៏លំបាក រហូតទទួលបានសុខសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ ។
ក្នុងឱកាសនោះដែរ លោកស្រី កែវ ចរិយា បានថ្លែងថា ការបង្កើតសមាគមន៍សង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ គឺដើម្បីឧត្តមប្រយោជន៍ ជូនដល់មន្ត្រីរាជការក្រសួង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលលោកជាប្រធានកិត្តិយសរបស់សមាគម ទៅអនុវត្ត នូវមុខងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធិភាព ក្នុងគោលបំណង ការផ្ដល់ ការឧបត្ថម្ភជួយគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានអោយកាន់តែរីកចម្រើន និងរឹងមាំឡើង ៕