ភ្នំពេញ ៖ អ្នកជំនាញពាក់ព័ន្ធ បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ នឹងជួយសម្រាលបន្ទុក រាជរដ្ឋាភិបាល ជាពិសេសអាចកាត់ បន្ថយការប្រើប្រាស់ថ្នាំជក់ ឱ្យមកនៅកម្រិតទាប ខណៈការប្រើប្រាស់ថ្នាំជក់ បង្កឱ្យខាត់បង់សេដ្ឋកិច្ច និង ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុក សម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-25_16-45-11-1-1024x682.jpg)
ក្នុងសិក្ខាសាលា ស្ដីពីវិធានការមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ បណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅមណ្ឌលគរុកោសល្យ ភូមិភាគហ៊ុនសែន ខេត្ដកណ្ដាល លោកស្រី សាន អរុណ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ មានប្រសាសន៍ថា ការដំឡើង ពន្ធលើផលិតផលថ្នាំជក់ និងជួយធ្វើឱ្យប្រជាពលរដ្ឋ ឈប់ចំណាយថវិកា ទិញបារី និងចៀសផុតពីជំងឺផ្សេងៗ ។ ការប្រើប្រាស់ថ្នាំជក់បង្ក ឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងមានទំហំធំធេង ដែលជាបន្ទុក សម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-25_16-45-15-1-1024x682.jpg)
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកបារីពិតជាបានគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ ដូច្នេះលោកស្រី បានណែនាំឱ្យយុវជនទាំងអស់កុំប្រើប្រាស់បារី ហើយក៏លោកជំទាវ ក៏បានទឹកចិត្តដល់រាជរដ្ឋាភិបាល ឱ្យតម្លើងពន្ធលើផលិតផលថ្នាំជក់នេះផងដែរ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-25_16-45-18-1-1024x682.jpg)
លោក មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់នេះ គឺជាវិធានការឈ្នះ ឈ្នះ ទាំងអស់គ្នា សម្រាប់ សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាល ហើយ ការដំឡើងពន្ធនឹងជួយឱ្យប្រជាពលរដ្ឋឈប់ ចំណាយថវិកាទិញបារី និងកាត់ បន្ថយយុវជន ពីការចង់សាកល្បងប្រើប្រាស់បារីផងដែរ ។ មានន័យថាយើងអាចបង្ការ ពួកគាត់ពីការឈឺ ស្លាប់ ពិការដែលបង្កពីការ ប្រើប្រាស់ថ្នាំជក់បាន។ ម្យ៉ាងវិញទៀតរដ្ឋាភិបាល នឹងទទួលបានចំណូលពន្ធបន្ថែមផងដែរ ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-25_16-45-22-1-1024x768.jpg)
លោក វេជ្ជបណ្ឌិត បានបន្ដថា តាមបទពិសោធន៍ របស់ប្រទេសក្នុងតំបន់ អាស៊ាន ដូចជា ប្រទេសថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការ តម្លើងពន្ធថ្នាំជក់ ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានចំណូលពន្ធកើនឡើង ព្រមទាំងជួយបង្ការ ប្រជាពលរដ្ឋពីជំងឺ ដែលបង្កដោយការប្រើប្រាស់ ថ្នាំជក់ទៀតផង ។
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមសិក្ខាសាលានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំពុងគិតគូរបញ្ហានេះដែរហើយ គ្រាន់តែទាមទារពេលវេលា និងសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់សិន ខណៈដែលការដំឡើងពន្ធនេះ រាជរដ្ឋាភិបាលមិនអាចមើលតែមួយជ្រុងបានទេ គឺត្រូវធ្វើជាកញ្ចប់ លើវិស័យពាក់ព័ន្ធទាំងអស់ ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-25_16-45-26-1-1024x768.jpg)
សូមរំលឹកថា បើតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំកម្ពុជា ខាតបង់ថវិកាប្រមាណ ៦៦៣លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៣% នៃ GDP ដោយសារតែការប្រើប្រាស់ថ្នាំជក់។ ប្រជាពលរដ្ឋប្រមាណ ១៥ ០០០ ស្លាប់ ដោយសារតែជំងឺ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ រួមមានជំងឺ ដាច់សរសៃខួរក្បាល សរសៃឈាមបេះដូង ផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងទឹកនោមផ្អែមជាដើម៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)