ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទចំនួន២នាក់ ដាក់គុក កំណត់ ៥ ឆ្នាំ ក្នុងម្នាក់ៗ
ជាប់ទាក់ទងនឹងគាស់ទំលុះទំលាយ ឃ្លាំងរោងចក្រ និង លួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តកាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅក្នុងសង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកលិ សុខា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ វ៉ន ពុទ្ធពល ភេទ ប្រុស អាយុ ៤០ ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ ហូន មុន្នីឧត្តម ភេទ ប្រុស អាយុ ៣៧ ឆ្នាំ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: លួចមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៣៥៣ និង ៣៥៧ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២៕
ដោយ: លីហ្សា