ភ្នំពេញ ៖ រូបថត៤សន្លឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីអំឡុងទស្សវត្សទី៩០ ដែលសម្តេចបានបង្ហោះ នៅព្រឹកថ្ងៃ២៦ សីហានេះ សម្តេចបានអំពាវនាវ អ្នកដែលបានដឹងប្រភព រូបថត ជួយប្រាប់ព្រោះរូបថតទាំងនេះ ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា ។

តាមរយៈរូបថត៤សន្លឹកនេះ សម្តេចគិតថា ថតក្នុងពេលតែមួយ ដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញា សម្រាប់ចូលប្រជុំ តែអ្វីដែលមិនច្បាស់ គឺកន្លែង និងពេលវេលា ។

សម្តេចបានដាក់ការសង្ស័យ៥កន្លែង ឬ៥ប្រទេសគឺ៖១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីរលើកឆ្នាំ១៩៨៨-១៩៨៩ និងការប្រជុំរៀបចំសមាសភាព SNC1991 នៅឥណ្ឌូណេស៊ី។ ២.សន្និសីទប៉ារីសចាប់ផ្តើមដំបូង១៩៨៩ នៅប្រទេសបារាំង។ ៣.ការប្រជុំបង្កើត SNC នៅតូក្យូ ប្រទេសជប៉ុនឆ្នាំ១៩៩០។ ៤.ការប្រជុំSNCនៅបាងកក ឬប៉ាតាយ៉ា ប្រទេសថៃ ឆ្នាំ១៩៩១ និង៥.ការប្រជុំSNCនៅប៉េកាំ ងប្រទេសចិន ឆ្នាំ១៩៩១៕


