ភ្នំពេញ ៖ បេក្ខជនបន្តវេន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានធ្វើការប្ដេជ្ញា បន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។

ការលើកឡើងពីសំណាក់ បេក្ខជនបន្តវេន នាយករដ្ឋមន្រ្តី បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ លោក លីវ ជានឆាវ លើកឡើងថា គោលបំណងនៃទស្សនកិច្ចដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
លោកវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍ លើគ្រប់វិស័យដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា ។ភាគីមិត្តចិន ក៏បានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាចំពោះភាពជាម្ចាស់ និងមាគ៌ាដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។

ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត បានស្នើមិត្តចិន បន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រឡប់ទៅបន្តការសិក្សានៅចិនវិញ និងជួយជំរុញវិនិយោគិនចិនមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជំរុញឲ្យមានអ្នកទេសចរណ៍ មកទស្សនកិច្ចនៅកម្ពុជា កាន់តែច្រើន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ។

បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីចិនថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាបក្សកាន់អំណាច ប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងពង្រីកចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕
