ព័ត៌មានជាតិ

តុលាការរាជធានីភ្នំពេញ សម្រេចសេចក្តី លើជោគវាសនា របស់ប្តីប្រពន្ធជាប់ចោទ២នាក់ ជាប់ទាក់ទងនឹងការសង្ស័យ ចាក់សម្លាប់ឪពុកបង្កើត ដោយសម្រេចទម្លាក់ចោល បទចោទចំពោះប្តី រីឯ ប្រពន្ធត្រូវជាប់គុក១៣ខែ

ភ្នំពេញ៖ លោកស្រីឈុន ដាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការប្រកាសសាលក្រមលើសំណុំរឿង ព្រហ្មទណ្ឌ របស់ប្តីប្រពន្ធជាប់ចោទមួយគូ បន្ទាប់ពី ធ្វើសវនាការ កាលពីថ្ងៃ ឧសភា និង ចេញដីកាចាត់របៀប ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយសង្ស័យថា ពួកគេបានចាក់ សម្លាប់បុរសវ័យចំណាស់ ម្នាក់ ដែលត្រូវជាឪពុកបង្កើត និង ជាឪពុកក្មេក របស់េ ពួកគេ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាប្តីប្រពន្ធ ហើយ ជនរងគ្រោះ (ឪពុក) បានចូលទៅអន្តរាគមន៍ និងឃាត់ ពួកគេ កុំឲ្យឈ្លោះប្រកែកគ្នា ហើយ ក៏មានការប្រទុងប្រទាញគ្នា បណ្តាលឱ្យកាំបិតដ៏មុតស្រួច ចាក់ត្រូវ ចំឪពុកក្មេកជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី នៅថ្ងៃកើតហេតុនោះ។

ហេតុការណ៍នេះ នៅចំណុចផ្ទះរបស់ជនរង ស្ថិត បុរីមួយកន្លែង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១៣ ខែ សីហា ឆ្នាំ ២០២១។

លោកស្រីចៅក្រម ឈុន ដាវី បានសម្រេចធ្វើការចោទទម្លាក់បទប្រកាន់ ចំពោះ ជនជាប់ចោទចោទ ជាប្តី ពីបទ: ឃាតកម្ម ដោយសារតែ ពីមានពិរុទ្ធភាព។ តែមានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ជាប្រពន្ធ និង ដែល ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ ដាក់គុក កំណត់ ១៣ខែ ដោយធ្វើការកែប្រែបទចោទប្រកាន់ពីបទ: ឃាតកម្ម តាមបញ្ញត្តិមាត្រា ១៩៩ ( ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ពី ១០ ទៅ ១៥ ឆ្នាំ) មកជាបទ: មនុស្សឃាត ដោយអចេតនាវិញ។

តុលាការ ក៏បានបើក ផ្លូវឱ្យ ជនជាប់ចោទ មានសិទ្ធិ ប្តឹងជំទាស់ទៅកាន់ ថ្នាក់លើ តាមនីតិវិធីច្បាប់។

លោកស្រីចៅក្រម បានថ្លែងថា: ជនត្រូវចោទទាំង២នាក់នេះ មានឈ្មោះ
ហេង សៅរស្មី ភេទ ប្រុស អាយុ៣១ ឆ្នាំ មុខរបរមុនឃាត់ខ្លួន ជាទាហានជើងទឹក (ត្រូវជាប្តី) ។ និង ឈ្មោះ ប៊ុន សូហ្វែរ ភេទ ស្រី អាយុ ២៨ ឆ្នាំ (ត្រូវជាប្រពន្ធ) មានមុខរបរមុនឃាត់ខ្លួន:លក់ផលិតផលតាមអនឡាញ។

រីឯ ជនរងគ្រោះ មានឈ្មោះ ប៊ុន សុវណ្ណា អាយុ៦០ឆ្នាំ មុខរបរ នៅផ្ទះ ត្រូវជាឪពុកបង្កើត និងជាឪពុកក្មេក របស់ជនជាប់ចោទទាំង២។

ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាលសង្កាត់បឹងទំពុន កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ នៅបុរីមួយកន្លែង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពី ជនរងគ្រោះ ត្រូវ ស្លាប់ ដោយសារតែ របួសធ្ងន់ធ្ងរពេក ហើយ លោកគ្រូពេទ្យមិនអាចជួយសង្គ្រោះ គាត់បាន ៕

ដោយ: លីហ្សា

To Top